លោកសាស្ដ្រាចារ្យ អាំង ជូលាន៖ អារ្យធម៌ពីសម័យអង្គរដល់សព្វថ្ងៃនេះមិនទាន់ស្លាប់ទេ

0

សៀមរាប៖ បើទោះបី​សម័យអង្គរ​ដ៏​រុងរឿង​បាន​កន្លង​ហួស​ច្រើន​សតវត្សរ៍​ទៅហើយ​ក្ដី តែ​អារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់​នៅ​សម័យ​នោះ​មិនទាន់​ទៅណា​​ឆ្ងាយ​ឡើយ ដោយអារ្យធម៌​ទាំងនោះ​មិនទាន់​​បាត់បង់​ឡើយ គឺ​វា​បន្ត​រស់នៅជាមួយ​អ្នកស្រុក​អង្គរ ដែល​បន្ត​ប្រណិប័តន៍​ត​ពី​ដូនតា​រហូតមក។

ការ​ថ្លែង​នេះ ក្នុងពេល​លោក​បានធ្វើ​បាឋកថា​ស្ដីពី «វដ្ដសង្សារ សិល្បៈ និង​កិច្ច» កាលពីពេលថ្មីៗនេះ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​លោក​បាន​ព្យាយាម​ពន្យល់ និង​លើក​ជា​ឧទាហរណ៍​មួយចំនួន​មក​ពន្យល់​អ្នក​ស្ដាប់។ អំណះអំណាង​ដែល​បញ្ជាក់ថា អារ្យធម៌​របស់​អង្គរ​មិន​ស្លាប់​ដែល​អ្នកស្រាវជ្រាវ​រូបនេះ​ពន្យល់ គឺ​តាមរយៈ​ការ​ប្រារព្ធ​ពិធី​សាសនា ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿផ្សេងៗដែល​អ្នកស្រុក​អង្គរ​គោរព​ប្រណិប័តន៍​ពី​ដើម​មក។

លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា អារ្យធម៌​ពី​សម័យអង្គរ​មិនទាន់​ស្លាប់​ទៅណា​ទេ និង​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ជួយ​ថែរក្សា​អារ្យធម៌​នេះ​កុំ​ឲ្យ​បាត់បង់។ លោក​បាន​មើលឃើញថា ការហូរចូល​នៃ​ចំនួន​ទេសចរ​ច្រើន​នៅ​តំបន់​ប្រាសាទ​ជា​បាតុភូត​ថ្មី ជារួម​មុន​សម័យ​សង្គ្រាម​មានតែ​អ្នកស្រុក​ទេ​ដែល​ចេញចូល​គោរព​ទីសក្ការៈ​នានា​និង​ថែរក្សា ហើយ​បាតុភូត​នេះ ក៏​អាចជា​ហេតុផល​នៃ​ការប៉ះពាល់​ទំនៀម​របស់​អ្នកស្រុក​ខ្លះ​ដែរ។ លោក​ថា អ្នកស្រុក​ព្យាយាម​លែង​ប្រារព្ធ​ពិធី​មួយចំនួន​ដោយសារ​មាន​ភាព​អ៊ូអរ ឬ​បុគ្គល​មួយចំនួន​ដែល​មិន​យល់​ពី​តម្លៃ​នៃ​ពិធី​នោះ​ជាដើម។

នៅ​ចំពោះ​អ្នកចូលរួម​ប្រមាណ ២០០នាក់​ដែលមាន​ទាំង​មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកស្រាវជ្រាវ សិស្ស​និស្សិត លោក អាំង ជូ​លាន ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រារព្ធ​ពិធី ទំនៀមផ្សេងៗដែល​ធ្លាប់ធ្វើ​ពី​ដូនតា​របស់​ពួកគេ ព្រោះ​ការអភិរក្ស​តម្លៃ​ទាំងនេះ គឺមាន​សារសំខាន់​ណាស់ ដើម្បី​រក្សា​អារ្យធម៌​អង្គរ​ឲ្យ​គង់វង្ស​ទៅ​អ្នកជំនាន់ក្រោយ៕

Loading...