កម្ពុជា-វៀតណាមចុះហត្ថលេខាប្រគល់-ទទួលផ្សារគំរូព្រំដែននៅខេត្តត្បូងឃ្មុំមកឲ្យកម្ពុជា

0

ភ្នំពេញ៖ ក្នុងឱកាស​បំពេញ​ទស្សនៈកិច្ច​នេះ​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​មួយចំនួន ៧ ដោយ​ក្នុងនោះ​ភាគី​ទាំងពីរ​បានរៀបចំ​ផែនការ​ប្រគល់-ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​ខេត្ត​ត្បូងឃ្មុំ។

សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារសំខាន់ៗមួយចំនួន។ ក្នុងនោះ​រួមមាន ទី១) កិច្ចព្រមព្រៀង​ស្តីពី​ការផ្តល់​ជំនួយ​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ចំនួន ៣លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​សាងសង់​សមាសធាតុ​មួយចំនួន នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍ ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០ខាងមុខ។

ទី២) កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​លើ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ថ្មី​សម្រាប់​រដ្ឋសភា​កម្ពុជា ទី៣) អនុស្សារណៈ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម លើ​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ការងារ​គយ​ចុះហត្ថលេខា​ដោយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រទេស​ទាំងពីរ។

ទី៤) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការអភិវឌ្ឍ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា«ទី៥) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​វឌ្ឍនភាព​លើ​ការសាងសង់ និង​ផែនការ​ប្រគល់-ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​ខេត្ត​ត្បូងឃ្មុំ​រវាង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា»។

ចំណែក ទី៦) អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម និង​ទី៧) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ស្តីពី​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​អគ្គិសនី។

គួរ​បញ្ជាក់ថា សំណង់​ផ្សារ​គំរូ​ព្រំដែន​នៃ​កម្ពុជា​ដែលមាន​តម្លៃ​ជាង២លាន​ដុល្លារ ត្រូវបាន​បញ្ចុះបឋមសិលា​សាងសង់​នា​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម៕

Loading...