ច្បាប់សំណង់ថ្មីត្រូវបានគេរំពឹងថា អាចនឹងជួយធានាសុវត្ថិភាព និងការពារផលប្រយោជន៍អ្នកប្រើប្រាស់

0

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​មាន ២២ជំពូក និង​មាន១១១មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​រួចរាល់​ហើយ ដោ​យ​មន្ត្រី​រំពឹងថា ច្បាប់​សំណង់​ថ្មី​នេះ​នឹង​ជំរុញ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត ស្របតាម​បទ​ដ្ឋា​ន​បច្ចេកទេស សុវត្ថិភាព សោភណភាព និង​បរិស្ថាន។ការអនុម័ត​នេះ ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី៣ នីតិកាល​ទី៦ ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នា​ថ្ងៃទី៧ ខែតុលា​នេះ ដោយ​ក្នុងនោះ​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ពា​​ណិ​ជ្ជក​ម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ។លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាម​ពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​បាន​ថ្លែងថា ច្បាប់​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សំណង់ នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត ស្របតាម​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព​សោភណភាព និង​បរិស្ថាន។លោកស្រី​បន្តថា វា​ជា​ច្បាប់​ដែល​បង្កើតឡើង​ស្រប​ពេលដែល​វិស័យ​សំណង់ មានការ​រីកដុះដាល កាន់តែច្រើន និង​មាន​លក្ខ​ណៈ​កាន់តែ​ធំខ្ពស់ៗ មានដូចជា​អគារ​ស្នាក់នៅ​រួម​អគារ​លក់ទំនិញ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិ​យា​ល័យ សណ្ឋាគារ អគារ​ពហុ​មុខងារ សំណង់​ទីក្រុង​រណប បុរី​លំនៅឋាន​ជាដើម។
លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ក្នុង​រដ្ឋសភា​ថា សេ​ចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តាក់តែងឡើង​តាំងពី​ឆ្នាំ២០១៧មកម្ល៉េះ ដោយមាន​ការចូលរួម ផ្តល់​យោបល់​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ ប្រទេស​ជប៉ុន​បាន​យ៉ាង​ល្អិត​ល្អន់ និង​ឆ្លើយតប​តាម​ស្ថានភាព​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា។លោក​បន្តថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​ការងារ​ទាំងឡាយ​ក្នុង វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ការពារ​ផល ប្រយោជន៍​ម្ចាស់​សំណង់ អ្នកប្រើប្រាស់ និង​សា​ធារ​ណជន។ ជាមួយគ្នានេះ ក៏​ពង្រឹង​ការ គ្រប់គ្រង​ការងារ នគរូបនីយកម្ម ដោយ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​មាន​សោភណភាព គុណ​ភា​ព និង​បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព សំដៅ​លើកកម្ពស់​សុខុមាល ភាព​សាធារណៈ៕

Loading...