អាជ្ញាធរជាតិអប្សរារកឃើញព្រះកេសលោកេស្វរៈពេលធ្វើកំណាយនៅប្រាសាទតានៃ

0

សៀមរាប៖ ម្សិលមិញនេះ ​អាជ្ញាធរ​ជាតិ​អប្សរាបានរកឃើញព្រះ​កេស​លោកេស្វរៈ​ចំនួន​មួយពេលធ្វើ​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ នៅ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម ​និង​ដីដំបូក​យកមក​ជួសជុល​ប្រាសាទ។លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការឲ្យដឹងថា ចម្លាក់​ព្រះ​កេស​លោកេស្វរៈ ដែល​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ប្រទះឃើញ គឺមាន​ត្រឹមតែ​ព្រះ​កេស​ប៉ុណ្ណោះ មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ខាងស្តាំ តែ​គ្មាន​ខាងឆ្វេង ច្រមុះ​ឆែប ព្រះភ័ក្ត្រ​ម្ខាង​ខ្សុះ​របក​សាច់​ថ្ម។សភាព​ខូចខាត​ទាំងនេះ អាជ្ញាធរ​ជាតិ​អប្សរា នៅមិនទាន់ដឹងថា​មកពី​មូលហេតុ​អ្វី​ប្រាកដ​ទេ តែ​អាចជា​ការប៉ះទង្គិច​អ្វីមួយ​ធ្វើឲ្យបែក ឬ​គុណភាព​ថ្ម​នៅលើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ ទើប​ធ្វើឲ្យ​ស្រទាប់​ថ្ម​របក​ចេញពី​ថ្ពាល់។ ម្យ៉ាង​វិញ​ទៀត ចម្លាក់​មួយ​នេះ ក៏​ប្រហែល​មិន​ស្ថិតនៅ​ទីតាំង​នេះ ដែល​កាលដើមឡើយ ព្រោះ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ដងខ្លួន​នៅ​កន្លែង​នេះ​ដូចគ្នា។
លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់​ទំហំ​ព្រះ​កេស​បដិមា​ព្រះ​ពោធិសត្វ​លោ​កេ​សូរ បានឲ្យដឹងថា ព្រះ​កេស​នេះ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់ ៥៤ស.ម ទទឹង២៧ស.ម និង​កម្រាស់៣៦ស.ម។ ព្រះ​កេស​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬ លោកេស្វរៈ បច្ចុប្បន្ន​ត្រូវបាន​ក្រុមការងារ​យកមក​រក្សា​ទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ចុះបញ្ជី​និង​ថតរូប​ទុកជា​ឯកសារ ព្រមទាំង​រៀបចំ​បែបបទ​ស្នើរ​យកទៅ​រក្សាទុក​នៅ អភិរក្ស​ដ្ឋា​ន​អង្គរ។
ចំពោះ​ព្រះ​កេស​លោ​កេ​សូរ​ខាងលើនេះ លោក សុ​ម៉ា​ឡា ក៏​បញ្ជាក់ដែរថា ស្ថិតក្នុង​រចនាបថ​បាយ័ន ប្រហែល​ពី​ចុង​ស.វ.ទី១២ និង​ដើម​ស.វ.ទី១៣ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី។ លោ​កេ​សូ ឬ លោកេស្វរៈ គឺជា​ព្រះ​ពោធិសត្វ​ក្នុង​ពុទ្ធសាសនា​មហាយាន ដែលមាន​ករុណា​ធម៌​កំពូល​ក្នុងការ​ជួយសង្គ្រោះ​មនុស្សលោក។ ក្នុង​សិល្បៈ​ខ្មែរ យើង​តែង​ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះ​ហ​ស្ថ២, ៤ ឬ៨ ដោយមាន​កាន់​កេតនភណ្ឌ ដូចជា​ខ្សែ​ផ្គាំ គម្ពីរ ផ្កាឈូក និង​ថូ ព្រមទាំង​ឆ្លាក់​រូប​ព្រះ​ពោធិសត្វ អមិតាភៈ អង្គុយ​ភាវនា​នៅលើ​ផ្នួងសក់ ដូចគ្នា​នឹង​បដិមា​ប្រាជ្ញា​បារ​មិ​តា​ដែរ៕

Loading...