ផ្ទុះកំប៉ុងហ្គាសឆេះទូកនេសាទមួយគ្រឿងនៅលើផ្ទៃសមុទ្រឃ្លងកោះពស់របួសមនុស្ស២នាក់

0

ខេត្ត​ព្រះសីហនុ៖ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​លោក ខឹម សុផល បាន​ឲ្យ​ដឹងថា មនុស្ស២នាក់ បាន​រងរបួស នៅ​ថ្ងៃទី៩ ខែតុលា​នេះ ក្នុងករណី​ឆេះ​ទូក​នេសាទ​មួយគ្រឿង​នៅលើ​ផ្ទៃសមុទ្រ​ចំណុច​ឃ្លង​កោះពស់ ខេត្ត​ព្រះ​សី​ហនុ ដោយសារ​កម្មករ​ទូក​ទុក​កំប៉ុង​ហ្គាស​នៅក្បែរ​ម៉ាស៊ីន​បណ្ដាល​ឲ្យ​ផ្ទុះ។លោក ខឹម សុផល បាន​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ដោយផ្ទាល់ ចេញ​ទៅ​​ជួយសង្គ្រោះ​ជនរងគ្រោះ​ជាបន្ទាន់ ដោយមាន​ការជួយ​ផ្តល់​មធ្យោបាយ​អូរ​ប័​រ​ពីរ​គ្រឿង​របស់លោក​ឧក​ញ៉ា ទៀ វិចិត្រ និង​មានការ​ចូលរួម​ពី​ប្រជា​នេសាទ ដើម្បី​ជួយ​ពន្លត់អគ្គីភ័យ​នេះ។លោក​បន្តថា ទូក​នេះ ជា​ប្រភេទ​ទូក​នេសាទ​ក្តា ៨គូ ពណ៌​ខៀវ ទទឹង ២.៥ ម៉ែត្រ បណ្តោយ​ប្រវែង ១២ម៉ែត្រ នៅលើ​ទូក​មាន​ម៉ាស៊ីន​ចំនួន ២គ្រឿង ដោយមាន​មនុស្ស ៣នាក់​នៅលើ​ទូក ទី១. ឈ្មោះ​ម៉ម ប៊ុនធឿន ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខ​របរ​​នេសាទ រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ខេត្តកំពត ជា​ម្ចាស់​ទូក។រីឯ​ទី២. ឈ្មោះ ហៀក បឿន ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​កម្មករ​នេសាទ និង​ទី៣. ឈ្មោះ ស៊ុន ផាន់​ណា ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរ​កម្មករ​នេសាទ។ តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ទូក​ថា មូលហេតុ​បណ្តាល​ឲ្យ​ឆេះ មកពី​ផ្ទុះ​កំប៉ុង​ហ្គាស​ដែល​​ទុក​នៅក្បែរ​ម៉ាស៊ីន ពេល​ទូក​រត់​ក្តៅ​ម៉ាស៊ីន កំប៉ុង​ហ្គាស​មួយ​ស្បោង​នៅក្បែរនោះ បាន​ផ្ទុះឡើង ហើយ​ឆេះ​ពី​ដុង​សាំង។ លោក​បន្ថែមថា ចំពោះ​សម្ភារៈ​នេសាទ​នៅលើ​ទូក​ខូចខាត​ទាំងស្រុង ប៉ុន្ដែ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុ​ស្ស​ឡើយ ដោយសារតែ​នៅពេល​កើតហេតុ​មាន​ទូក​នេសាទ​នៅក្បែរនោះ និង​អូប័រ​លោក​ឧកញ៉ា ទៀ វិចិត្រ ចំនួន ២ គ្រឿង​ចុះជួយ​អន្តរាគមន៍​ទាន់ពេលវេលា៕

Loading...