មន្ត្រីជាន់ខ្ពស់ថា ការប្រែប្រួលអាកាសធាតុ ក៏ជាផ្នែកមួយធ្វើឲ្យខូចខាតផ្លូវ និងស្ពានដែរ

0

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកស្រី ម៉ម រមនា នៅថ្ងៃទី០៨ ខែតុលានេះបានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ រីឯវិស័យសាធារណការ និងដឹកជញ្ជូន ក៏រងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដែរ។

ការលើកឡើងនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការសិក្សា និងការវិភាគលើផលចំណេញ-ខាត (CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារបម្រែបម្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអង្គភាពទាំងអស់ក្រោមឱវាទក្រសួង។

លោកស្រីរដ្ឋលេខាធិការបានថ្លែងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលទទួលរងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ។

លោកស្រីបន្តថា ជាក់ស្ដែងទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឲ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍ការជាបណ្ដោះ។

លោក សឿន ប៊ុនលី អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ និងវិទ្យាសាស្ត្រអាកាសធាតុ មានចំណុចប្រទាក់គ្នារវាងការប្រែប្រួលអាកាសធាតុ និងគោលនយោបាយសាធារណៈ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

លោកបន្តថា ការវិភាគលើផលចំណេញ-ខាត(CBA)ខាងផ្នែកសេដ្ឋកិច្ច គឺជាការបញ្ជ្រាបការងារប្រែប្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងការប្រៀបធៀបពីអត្ថប្រយោជន៍រវាងការវិនិយោគ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរពីស្ថានភាពដែលមានការប្រែប្រួលអាកាសធាតុ និងគ្មានការប្រែប្រួលអាកាសធាតុ៕

Loading...