មេ វីតាល ដាក់ចេញផលិតផល មី ថ្មីក្រោមពាក្យស្លោក “ស្នាដៃខ្មែរ រសជាតិខ្មែរ”

0

ភ្នំពេញ៖ ផលិតផលមី ថ្មីមួយរបស់ខ្មែរ ដែលស្ថិតនៅក្រោមដំបូលតែមួយជាមួយនឹងទឹកបរិសុទ្ធ វីតាល បាន​ប្រកាស​សម្ពោធលក់ជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មាន ៣ រសជាតិ​សម្រាប់​ផ្ដល់ជូនពលរដ្ឋខ្មែរទូទាំងប្រទេស។

លោកជំទាវ ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន One More Manufacturing Co. Ltd បានមានប្រសាសន៍ថា មី​ជាតិ ត្រូវបាន​ផលិតឡើង ដោយ​ស្នាដៃ​ខ្មែរ រក្សា​នូវ​បែបផែន​រសជាតិ​ខ្មែរ ជាមួយនឹង​គុណភាព​ខ្ពស់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន និង​រួមជាមួយ​គ្រឿងផ្សំ​ក្នុងស្រុក និង​បរទេស​ម​ដែលមាន​គុណភាព ដូចជា​ប្រទេស​អូស្ត្រាលី សឹង​ហ្គា​ពួរ និង​ម៉ាឡេស៊ី។

លោកជំទាវ ជឹ​ង សុគន្ធា​វី ក៏បាន​បង្ហាញ ពី​ក្តី​រីករាយ​ជាខ្លាំង ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទុកចិត្ត និង​គាំទ្រ​លើ​ដំណើរការ​នៃ​រោងចក្រ​ផលិត “មី​ជាតិ”នេះ​ឡើង ដែល​នេះ​បានផ្តល់​ក្តីសង្ឃឹម​មួយ​ដ៏​មុតមាំ ចំពោះ​លោកជំទាវ ជា​អ្នកវិនិយោគ​ទុក​ម្នាក់ ក្នុងការ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​រោងចក្រ​នេះ លេចចេញ​ជា​រូបរាង​ឡើង​នាពេលនេះ។

លោកជំទាវ បន្តថា មី​ជាតិ ត្រូវបាន​បង្កើតឡើង​សម្រាប់​តម្រូវការ និង​ការពេញនិយម​របស់​ប្រជាជន​ខ្មែរក្រោម​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ផ្ចិតផ្ចង់ និង​សម្រិតសម្រាំង​បំផុត ដើម្បី​ផ្តល់នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់ អត្ថប្រយោជន៍ និង​រសជាតិ​បែប​ខ្មែរ។ វត្តមាន​នៃ​សមិទ្ធិផល​ថ្មី​នេះ​លើ​ទីផ្សារ គឺជា​មោទនភាព​ថ្មី​របស់​កម្ពុជា​ក៏ដូចជា​ប្រជាជន​ខ្មែរ។

យើង​ជឿជាក់ថា ក្នុង​ទឹកចិត្ត​ខ្មែរ​តែមួយ ខ្មែរ​ជួយ​ខ្មែរ និង​ខ្មែរ​ស្រលាញ់​ខ្មែរ ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​នឹង​ទទួល ស្គាល់ ហើយ​គាំទ្រ​នូវ​សមិទ្ធិផល​ថ្មី​នេះ ដែលមាន​ស្លាក​សញ្ញា“មី​ជាតិ”តំណាង​ឲ្យ​ផលិតផល​ជាតិ និង​ប្រជាជន​ខ្មែរ។

ទាក់​ទង់​នឹង​គោលបំណង​នៃ​ការបង្កើត​រោងចក្រ ​មីនេះ​ឡើង លោកជំទាវ​នាយិកា​បាន​បន្ថែមថា ការបង្កើត​រោងចក្រ ផលិត​មីនេះ​ឡើង បាន​ភ្ជាប់​នូវ​គោលបំណង​ចម្បង៣ គឺ​ទី១ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ផលិត​ចំណីអាហារ​ក្នុងស្រុក​អោយមាន​ភាពជឿនលឿន មិន​ចាញ់​ប្រទេសជិតខាង ពោលគឺ​សំដៅ​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ការ​នាំចូល​ផលិតផល​ពី​បរទេស។ ទី២ គឺ​ដើម្បី​ផ្គត់ផ្គង់​បំពេញតម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផលិត​ចំណីអាហារ​នៅក្នុង​ស្រុក ដែល​ប្រកបដោយ​អនាម័យ សុវត្ថិភាព និង​ស្តង់ដា​សមស្រប និង​ទី៣ គឺ ដើម្បី​ចូលរួម​បង្កើត​ឱកាស​ការងារថ្មីៗបន្ថែមទៀត ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។

មី​ជាតិ ត្រូវបាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស គឺ​រសជាតិ​ខ​គោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុប​មាន់ ដែល​រសជាតិ​ទាំងបី​នេះ ត្រូវបាន​ឆ្លងកាត់​ការពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឲ្យ​សមស្រប ទៅតាម​បែបបទ​រសជាតិ​ខ្មែរ និង​ការពេញនិយម របស់​ប្រជាជន​ខ្មែរ។ ចំណែកឯ​រសជាតិ​ទៀតសោត ក៏​ធ្វើឡើង​ដើម្បី​តម្រូវ​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​កម្ពុជា ដូច​ទៅនឹង​ពាក្យស្លោក​របស់​មី​ជាតិ ដែលថា “ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ៕

Loading...