ការអភិរក្សល្ខោនខោល ទាំងត្រដាបត្រដួស ដំណើរឆ្ពោះទៅមុខ

0

ភ្នំពេញ៖ ក្រុមអ្នកអភិរក្ស និងជាអ្នកសម្ដែងល្ខោនខោល បានបង្ហាញការលំបាកខ្លាំងចំពោះការអភិរក្ស និងការសម្ដែងដោយគ្មានការគាំទ្រ និងចាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ខណៈមានព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យមួយសម្រាប់ឆ្នាំ២០២០ខាងមុខនេះ។

តាមគណនីហ្វេសប៊ុកឈ្មោះព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ ២០២០ បានបង្ហាញក្ដីក្រៀមក្រំថា៖«ពួកខ្ញុំខំហើយ ! ខំទាំងត្រដាបត្រដួស ! ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រល្ខោនខោលខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ»។

ប្រភពបន្តថា គោលបំណងនៃកម្មវិធីនេះ ដើម្បីអបអរសាទរខួប ២ ឆ្នាំល្ខោនខោលខ្មែរ អបអរសាទរខួប ៤ ឆ្នាំចាប៉ីដងវែងខ្មែរ អបអរសាទរខួប ១៥ ឆ្នាំល្ខោនស្រមោលស្បែកធំ អបអរសាទរខួប ១៧ ឆ្នាំរបាំព្រះរាជទ្រព្យ ដោយសម្បត្តិវប្បធម៌ខ្មែរទាំងនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិដោយអង្គការ UNESCO។ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យនេះ គ្រោងនឹងសម្ដែងនៅថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ។

ក្រុមអ្នកអភិរក្សវប្បធម៌បានអំពាវនាវឲ្យមានការចូលរួមបរិចាគថវិកាតាមលទ្ធភាព ដោយទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 010247341/017 94 62 40/096 20 30 240 ឬអាចមកចូលរួមដោយផ្ទាល់នៅ ផ្ទះកាហ្វេវប្បធម៌ ខណ្ឌឫស្សីកែវ ផ្ទះកាហ្វេវប្បធម៌ សៀមរាប ជិតវត្តព្រះឥន្រ្ទកោសីយ៍ ផ្សារផលិតផលកម្ពុជា សៀមរាប ហាងកាហ្វេប្រ៊ូហោស៍ទាំង ៣សាខា មរតកមីនីម៉ាត និងកាហ្វេ ជិតផ្សារអង្គតាសោម និងផ្សារខ្មែរ នៅបុរីពិភពថ្មីចំការដូង2ជាដើម។

អង្គការ យូណេស្កូ (UNESCO) ម្រេចទទួលស្គាល់ និងដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ យូណេស្កូ កាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋម៉ូរីស (Maurice)៕

Loading...