បុណ្យជាតិម្ដងៗ ចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្លាំងជាងធម្មតា

0

យោងតាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្លាំង នៅអំឡុងពេលមានពិធីបុណ្យជាតិម្ដងៗ ជាពិសេសកត្តាគ្រឿងស្រវឹង និងការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បានចូលរួមចំណែកមួយផ្នែកធំ។

របាយការណ៍ខាងលើបញ្ជាក់ថា ការបើកបរលើសល្បឿនកំណត់  មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព ។ល។ ជាក់ស្តែងប្រសិនបើអ្នកបើកបរគាត់ស្រវឹងហើយ ទៅកាន់បញ្ជាដៃចង្កូតនៅលើដងផ្លូវសាធារណ នោះសោកនាដកម្មអាចនឹងត្រូវកើតឡើងក្នុងសភាពធ្ងន់ធ្ងរដោយស្មានពុំដល់។

ក្នុងរយៈពេល ត្រីមាសទី ៣ ឆ្នាំ២០១៩ នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨ លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់ ដែលក្នុងនោះខេត្តព្រះសីហនុស្លាប់ចំនួន៣៧នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធអទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយានយន្ត ៣% និងងងុយ១%។

ប្រៀបធៀបឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ២៣៨លើក (៩៨៨/៧៥០លើក) ស្មើ៣២% ស្លាប់កើនឡើងចំនួន ១០៥នាក់ (៤៨៨/៣៨៣នាក់) ស្មើ២៧% និងរបួសកើន ៤៤៦នាក់ (១,៤៩៤/ ១,០២៨) ស្មើ៤៥%។ ពោលគឺចំនួននេះ គឺកើនឡើងគួរឲ្យព្រួយបារម្ភ ហើយអ្នកស្លាប់នាំមុខភាគច្រើននៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ដើម្បីការពារ និងបង្កាគ្រោះថ្នាក់ទាំងនេះ អាជ្ញាធរ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយស្នើសុំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន កំឡុងពេលព្រះរាជពិធីបុណ្យអ៊ុំទូក ឆ្នាំ២០១៩នេះ៕

 

Loading...