រោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពត គ្រោងបើកសម្ភោធនៅថ្ងៃទី១៤ វិច្ឆិកា

0

ខេត្តកំពត៖ រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍​របស់​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង ក្រោម​ទុនវិនិយោគ ៦៧លាន​ដុល្លារ គ្រោង​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ស្ថិតនៅ​ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ក្រោ​ម​អធិបតីភាព​សម្ដេច ហ៊ុន សែន។

ការបង្ហាញ​នេះ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា​នេះ ដោយ​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិ​បា​ល​ខេត្ត ដែលមាន​សមាជិក​ចូលរួម​ពី​សំណាក់​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ទីរ​អង្គភាព​ជុំ​វិញ​​ខេត្ត អាជ្ញាធរ ក្រុង ស្រុក​ជិត៨០នាក់។

អង្គប្រជុំ​នេះ ដើម្បី​ពិភាក្សា​លើ​ការទទួល​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុង​ពិធី​ស​ម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ស៊ីម៉ង់​តិ៍ ថៃ ប៊ុន​រ៉ុង។

លោក​អភិបាល​ខេត្តកំពត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាលខេត្ត​ក៏ដូចជា មន្ទីរ អង្គភាព​ជំនាញ អា​ជ្ញាធរ​ក្រុង ស្រុក សមត្ថកិច្ច​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​គ្នា​បានល្អ ក្នុងការ​បំ​ពេ​ញ​តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នា​រយៈពេល​កន្លងមក​ក្នុង​ដំណើរ​កិច្ច​អភិវឌ្ឍ​ខេត្ត ក៏ដូចជា កា​រ​​ធានាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការបម្រើ​បាន​ទាំង​សេវា​រដ្ឋបាល និង​សេវាសាធារណៈ ធ្វើ​ឲ្យ​ជីវភាព​ប្រ​ជា​ពល​រដ្ឋ​​បាន​កាន់តែ​ប្រសើរឡើង​ឆ្លើយតបបាន​ទៅនឹង​គោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ។

គួររំឭកថា ក្រុមហ៊ុន​ស៊ីម៉ង​តិ៍ ថៃ ប៊ុន រ៉ុង បាន​វិនិយោគ​ទឹកប្រាក់ ៤២លាន​ដុល្លារ​បន្ថែមទៀតពី​លើ​ការសាងសង់​រោង​ច​ក្រ​​​ចំនួន ៦៧លាន​ដុល្លារ​រួចហើយ ដើម្បី​ជួសជុល​និង​ដំឡើង​ខ្សែសង្វាក់ផលិតកម្ម​ថ្មី​ទំនើប និង​អាច​ផលិត​ស៊ីម៉ង​តិ៍​បា​ន ២៥០០តោន​ក្នុង១ថ្ងៃៗ។ ការជួសជុល និង​បំពាក់​ឧបករណ៍​ថ្មី​នេះ ត្រូវ​ចំណាយ​រយៈពេល ១៤ខែ ដែល​នឹង​បញ្ចប់នៅ​​​ខែ​កញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពី​ដំឡើង​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី​រួច នឹង​ចាប់ផ្តើម​ផលិត​ស៊ីម៉ង​តិ៍ ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សា​រ​៕

Loading...