អ្នកពាក់អាវ ឬខោមានអក្សរ POLICE, PM, ARMY ត្រូវបានហាមឃាត់នៅពិធីបុណ្យអ៊ុំទូក

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ខែវិច្ឆិកានេះ ប្រកាសមិនអនុញ្ញាតឲ្យបងប្អូនធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់សំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ POLICE PM, ARMY និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗទេ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំថាជាកម្លាំងសមត្ថកិច្ច ហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គម។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ០៥ ខែវិច្ឆិកា ដែល The Plus News ទទួលបានឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមឲ្យបានល្អប្រសើរនៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នេះ។

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបងប្អូនធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ POLICE, PM, ARMY ជាដើម និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗដោយគ្មានការអនុញ្ញាត ធ្វើឲ្យមហាជនមានការភ័ន្តច្រឡំថាជាកម្លាំងសមត្ថកិច្ច ហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គម។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយពិនិត្យតាមដានការលក់ដូរ ការប្រើប្រាស់សំលៀកបំពាក់ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់វិទ្យុទាក់ទងដែលមិនប្រក្រតី។ ប្រសិនបើពិនិត្យឃើញថាមានសកម្មភាពនេះកើតឡើង ត្រូវចាត់វិធានការអប់រំណែនាំឲ្យបញ្ឈប់ការលក់ដូរ ការទិញ និងការប្រើប្រាស់ជាបន្ទាន់។

ក្នុងករណីទង្វើនេះបង្កជាបទល្មើសជាក់ស្តែង ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា សាធារណជន និងបងប្អូនអាជីវករទាំងអស់ ចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

Loading...