លោក ស៊ុន ចាន់ថុល៖ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងជាច្រើនប្រកបដោយភាពឧស្សាហ៍ព្យាយាម និងស្វាហាប់

0

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា កម្ពុ​ជា​មា​ន​​កម្លាំង​ពលកម្ម​វ័យក្មេង​ជាច្រើន​ប្រកបដោយ​ភាព​ឧស្សាហ៍​ព្យាយាម និង​ស្វាហាប់ រួមទាំង​មានច្បាប់​វិនិយោគ​មួយ​ដ៏​ល្អ​ប្រ​សើរ ដោយ​ជំរុញ​ឲ្យ​វិនិយោគិន​ចិន​មក​បណ្ដាក់​ទន់​លើ​វិស័យសំខាន់ៗរួមមាន វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល វិស័យ​ឧស្សា​ហកម្ម​កែច្នៃ និង​វិស័យ​នានា។

ការលើកឡើង​នេះ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ខណៈដែល​លោក ស៊ុន ចាន់ថុល បាន​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ក្រុម​ហ៊ុន​ចិន​មកពី​ខេត្ត​ហ៊ូ​ណាន ដឹកនាំ​ដោយ​លោក Du Jianhao លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុំ​ម្មុយ​នី​ស​ចិន ខេ​ត្ត​ហ៊ូ​ណាន ក្នុង​ព្រឹត្តិការណ៍​ជំរុញ​ការវិនិយោគ និង​ពិព័រណ៍​សម្ភារ​ផ្គត់ផ្គង់ និង​ផលិតផល​ឧស្សាហកម្ម​ប្រទេស​ចិន​រប​ស់​​ខេត្ត​ហ៊ូ​ណាន ដែល​រៀបចំឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន។

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា កម្ពុ​ជាមាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដែលជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​ធ្វើជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​ការតភ្ជាប់​តំបន់ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​​ធនធានធម្មជាតិ​ដ៏​សំបូរបែប រួម​ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​ជាច្រើន​ប្រកបដោយ​ភាព​ឧស្សាហ៍​ព្យាយាម និង​ស្វា​ហាប់ រួមទាំង​មានច្បាប់​វិនិយោគ​មួយ​ដ៏​ល្អប្រសើរ និង​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​ភ្នាក់ងារ​វិនិយោគ​នៃ​​ច្រកចេញ-ចូល​តែមួយ​សម្រាប់​ការវិនិយោគ រួមទាំង​មានការ​លើកទឹកចិត្ត​ជា​ច្រើន​ផ្សេងទៀត។

លោក​ទេសរដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ចិន​ទាំងអស់ ជាពិសេស អ្នកវិនិយោគ​មកពី​ខេត្ត​ហ៊ូ​ណានឲ្យ​ចូល​រួមសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​វិនិយោគ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា ជាពិសេស​វិស័យ​សាធារណការ និង​​ដឹកជញ្ជូន ដែលមាន​គម្រោង​ជាច្រើន​ដូចជា៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ផ្លូវ​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កំពង់ផែ ផ្លូវ​តាម​តំបន់​ព្រំដែន គម្រោង​សាងសង់​ផ្លូវដែក​ថ្មី ភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និង​សិរីសោភ័ណ-សៀម​រាប គម្រោង​ត​ភ្ជាប់​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី គម្រោង​សាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធា​រ​​ណៈ (MRT) ក្នុង​រាជធានី​ភ្នំពេញ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម ឃ្លាំង ចំណត​កុងតឺន័រ និង​ផែស្ងួត គម្រោង​សា​ង​សង់​កំពង់ផែ​ទឹកសាប​នៅតាម​បណ្តោយ​ទន្លេមេគង្គ និង​ទន្លេសាប គម្រោង​សាងសង់​ប្រព័ន្ធ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វ​ក់ នៅ​ខេត្ត​ក្រុងធំៗ និង​ខេត្ត​ជាប់​សមុទ្រ។

លោក​ក៏បាន​បង្ហាញ​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ ២០១៥-២០២៥ ដែល​ត្រូវការ​ទុន​វិនិ​យោ​គ​ជាច្រើន​សម្រាប់ អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​រួមទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​វិនិយោគ​លើ​វិស័យសំខាន់ៗ រួមមាន៖ វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល វិស័យ​ឧស្សាហកម្ម​កែច្នៃ វិស័យ​ផលិតកម្ម​កសិកម្ម ឬ​ក​សិ-ឧស្សាហកម្ម វិស័យ​ផលិតកម្ម និង​ការកែច្នៃ​ម្ហូប​អា​ហា​រ វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស៕

Loading...