លោក សុខ ទូច ត្អូញត្អែរពីលក់ទឹកដោះគោស្រស់ឫស្សីត្រឹបមិនសូវដាច់

0

ភ្នំពេញ: ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​លោក​បណ្ឌិត សុខ ទូច បាន​ត្អូញត្អែរ​ប្រាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ទឹកដោះគោ​ស្រស់​ដែល​ដាក់​ស្លាក​យីហោ​តេ​ជោ​សែន​ឫស្សី​ត្រឹប មិនទាន់​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ទូលំទូលាយ​នៅ​ឡើ​យ​ទេ បន្ទាប់ពី​ផលិតផល​ទឹកដោះគោ​នេះ ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ជា​យូ​ខែ​មកហើយ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី​របស់​រាជបណ្ឌិត្យសភា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ២១ វិច្ឆិកា​នេះ លោក​បណ្ឌិត សុខ​ ទូច បាន​ថ្លែងថា រាជបណ្ឌិត្យសភា បាន​សិក្សា និង​ចិញ្ចឹម​គោ​យក​ទឹកដោះ​ជា​គម្រោង​សាកល្បង​នៅ​ឧទ្យាន​រាជ​ប​ណ្ឌិ​ត្យសភា​តេ​ជោ​សែន​ឫស្សី​ត្រឹប ដើម្បី​ផលិត​ទឹកដោះគោ​ស្រស់​ចែកចាយ​នៅលើ​ទីផ្សារ​នោះ បាន​ដំណើរការ​ហើយ ប៉ុ​ន្តែ ថា​ផលិតផល​នេះ​លក់​មិនសូវ​ដាច់។

លោក សុខ ទូច ថ្លែងថា៖ «នាពេល​បច្ចុប្បន្ននេះ គោ​បាន​ផលិត​ទឹកដោះ​បាន​ប្រមាណ​ជា ៨០០លីត្រ​ក្នុង១ថ្ងៃ ដែល​បាន​ចរាចរ​លក់​នៅក្នុង​ទីក្រុង​ភ្នំពេញ ក៏​ដូច​ផ្សារ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ប៉ុន្តែ ទឹកដោះគោ​នេះ​មិនទាន់​រកបាន​ទីផ្សារ​ទូ​លំ​ទូលាយ​នៅឡើយ​ទេ ដោយសារ​ប្រជាជន​មិនទាន់​ស្គាល់ និង​មិន​ទម្លាប់​ទទួលទាន​របស់​ខ្មែរ»

រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​លើ​ផ្ទៃដី​ទំហំ ៧០ហិកតា ដើម្បី​ផលិត​ទឹកដោះគោ​ស្រស់ ដែល​ដាក់​ស្លាក​យីហោ​ផលិតផល​នេះ​ថា «តេ​ជោ​សែន​ឫស្សី​ត្រឹប» ស្ថិតក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ដែលមាន​ផ្ទៃដី​ទំហំ ១១៤គីឡូម៉ែត្រ​ការ៉េ នៅក្នុង​ឃុំ​ឆែប២ ស្រុក​ឆែប ខេត្តព្រះវិហារ។

លោក សុខ ទូច អះអាងថា រាជបណ្ឌិត្យសភា​នឹង​បង្កើត​ឲ្យ​មាន​ធនាគារ​គោ ដោយ​ចែក​គោ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម រួច​ស្ថាប័ន​នេះ​នឹង​ប្រមូល​ទិញ​ទឹកដោះគោ​ពី​ពលរដ្ឋ​វិញ​នូវ​អ្វីដែល​លោក​ថា ដើម្បី​ពង្រីក​យន្ត​ការផលិត​ផលិតផល​ក្នុងស្រុក​នេះ៕

Loading...