រាជរដ្ឋាភិបាល អំពាវនាវឲ្យកសិករធ្វើស្រែតែមួយដងបានហើយ ព្រោះកម្ពុជាជិតជួបគ្រោះរាំងស្ងួត

0

ភ្នំពេញ៖ រាជរដ្ឋាភិបាល ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង ដោយ​អំពាវនាវ​ឲ្យ​កសិករ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ ២០១៩-២០២០ គឺអាច​ធ្វើ​បានតែ១ដង​ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី២បានទេ ខណៈ​កម្ពុជា​ត្រូវបាន​ព្យាករ​នឹង​ជួប​គ្រោះរាំងស្ងួត​អាកាសធាតុ​ក្ដៅ​ខ្លាំង។

តាម​សារាចរ​ណែនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ការណែនាំ​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់ ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ល្អប្រសើរ​ឡើងវិញ។

សម្តេច​បាន​លើកឡើងថា បើទោះបីជា​ចាប់ពី​ខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែល នី​ណូ បាន​ថមថយ​ឥទ្ធិពល​ជាបណ្តើរៗ ទន្ទឹមនឹង​អាងទឹក​នាពេល​កន្លងមក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ១០០ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​យ៉ាងណាក្តី ក៏​បញ្ហា​គ្រប់គ្រង និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុកជា​អាទិភាព ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុងរដូវ​វស្សា​ស្រូវ​រដូវ​ប្រាំង ២០១៩-២០២០ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូតដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី។

សម្ដេច​បន្តថា ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ ២០១៩-២០២០ គឺអាច​ធ្វើ​បានតែ១ដង​ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី២បានទេ បើទោះបីជា​ទឹក​នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ។

សម្តេច​បន្ថែមទៀតថា នៅក្នុង​ឆ្នាំ២០១៩នេះ កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់ បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត អែល​នី​ណូ ( El Nino) ដោយបាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា៖ ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង ហើយ​រដូវវស្សា​មកដល់​មាន​សភាព​យឺតយ៉ាវ និង​របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា ខណៈ របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង ពិសេស​ជំនន់​មានតែ​មួយ​លើក ហើយ​បន្ទាប់មក​ក៏បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈកាល​កន្លងមក៕

Loading...