លោក គួច ចំរើន យល់ព្រមឲ្យក្រុមហ៊ុនចិនមួយបើករោងចក្រកែច្នៃសំរាម បំលែងជាអគ្គិសនីនៅខេត្តព្រះសីហនុ

0

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន កាលពីពេលថ្មីៗនេះ បានឯកភាពឲ្យក្រុមហ៊ុនចិនមួយឈ្មោះ LI YU HENG CAMBODIA CONTRUCTION Co., Ltd បើករោងចក្រកែច្នៃសំរាម ដើម្បីបំលែងទៅជាថាមពលអគ្គិសនីប្រើប្រាស់ក្នុងខេត្តព្រះសីហនុ ប៉ុន្ដែលោកតម្រូវឲ្យក្រុមហ៊ុនទៅសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានជាមុនសិន។

ការលើកឡើងនេះ នាថ្ងៃទី២១ ខែវិច្ឆិកា លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd បានចូលជួបសម្តែងការគួរសមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមានគោលបំណងធ្វើការវិនិយោគកែឆ្នៃសំរាម បំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ។

លោក YANG HONG HAO ប្រធានក្រុមហ៊ុនបានជំរាបជូនអភិបាលខេត្ត អំពីគោលបំណងធ្វើការវិនិយោគឲ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ និងផ្តល់ឱកាសឲ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគកែឆ្នៃសំរាមទៅជាអគ្គិសនី និងវិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែឆ្នៃសំរាម មកជាថាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគអគ្គិសនី ដែលយកវត្ថុធាតុដើមចេញពីសំរាម ប្រសិនបើសិក្សាមានផលវិជ្ជមាន រដ្ឋបាលខេត្តនឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានថែមទៀត។

លោកបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគបានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ប្រសិនបើក្រុមហ៊ុនមានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋាភិបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រ ឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here