រដ្ឋាភិបាលសម្រេចបង្កើតដែនជម្រកសត្វព្រៃសៀមប៉ាងមួយទៀតលើផ្ទៃដីជាង ១៣ម៉ឺនហិកតា

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានសម្រេចដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយមានឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣ម៉ឺនហិកតា ដែលមានភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមអនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន បានឲ្យដឹងថា ព្រំប្រទល់ និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាង នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យា សាស្ត្រដើម្បីធានាតម្លៃនិងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌។ នៅពេលមិនទាន់បញ្ចូលគ្នា ដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ៦៦៩៣២ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច មានទំហំផ្ទៃដី ៦៥៣៨៩ហិកតា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយនេះ នឹងជួយឱ្យមានការស្រួលដល់ការគ្រប់គ្រង និងអភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើផែនការគ្រប់គ្រង និងចំណេញថវិកា។ ដែនជម្រកសត្វទាំងពីរនេះ មានទីតាំងភូមិសាស្ត្រនិងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈដូចគ្នា។

លោកថ្លែងថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ និងកន្លងទៅក៏បានទទួលការសិក្សា និងស្នើសុំបង្កើត «ព្រៃការពារ» តែមួយសម្រាប់អភិរក្សធនធានសេនេទិចរុក្ខជាតិ និងសត្វព្រៃផងដែរ។ ដែនជម្រកសត្វព្រៃ«សៀមប៉ាង» និង«សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៉ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវជម្រុះមានតម្លៃ នៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស។ នៅក្នុងតំបន់នេះសំបូរទៅដោយសត្វស្លាបកម្រដូចជាសត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម។

គួរបញ្ជាក់ថា រហូតទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន ដែលមានផ្ទៃដីទំហំរហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៉ី បន្ទាប់ពីប្រទេសប៊ូតាន៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here