អ្នកសារព័ត៌មានខ្មែរមួយក្រុមបែកគំនិតងាកមកនាំគ្នារកស៊ីពុះដីឡូតិ៍លក់នៅជាយក្រុងភ្នំពេញ

0

ភ្នំពេញ: អ្នកសារព័ត៌មានកម្ពុជាមួយក្រុមបានមូលមតិគ្នាបង្កើតក្រុមហ៊ុន 7Biz Development Investment Co.,Ltd ដោយបោះទុនវិនិយោគត្រឹមតែ ៤ពាន់ដុល្លារប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះកើនទុនវិយោគជាង ១លានដុល្លារអាមេរិកដែលកំពុងអភិវឌ្ឍន៍ពុះដីឡូតិ៍លក់ប្រមាណជាង ៤០០ឡូតិ៍តាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

លោក អាន ច័ន្ទថ្លា អ្នកសារព័ត៌មាន និងជាស្ថាបនិកក្រុមហ៊ុន 7Biz Development Investment Co.,Ltd ម្នាក់ ក្នុងចំណោម៦នាក់ផ្សេងទៀតបានថ្លែងប្រាប់ The Plus News នៅថ្ងៃទី ៣០ វិច្ឆិកានេះថា ក្រុមហ៊ុន 7Biz Development Investment Co.,Ltd បានកើតចេញពីក្រុមសន្សំប្រាក់ឈ្មោះ ORSA Group ដែលអ្នកសារព័ត៌មានកម្ពុជាបានបង្កើតឡើងក្នុងន័យដាក់សន្សំប្រាក់សម្រាប់ឲ្យសមាជិកអ្នកសារព័ត៌មានដាក់វេទគ្នាខ្ចីម្ដងម្នាក់ៗ។
លោកបន្តថា នៅក្នុងក្រុមសន្សំប្រាក់ ORISA Group នេះ មានអ្នកសារព័ត៌មានរាប់រយនាក់ ប៉ុន្ដែក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៧នាក់ បែកគំនិតបង្កើតជាក្រុមតូចមួយចង់បន្ដាក់ទុនតិចតួចបង្កើតហាងកាហ្វេមួយ។ លុះនាំគ្នាគិតយូរៗទៅ ក៏លែងចង់បើកហាងកាហ្វេ បែរជានាំគ្នាទៅរកទិញដីឡូតិ៍ទុកវិញ។

លោកបន្តថា ក្រោយពីទិញដីចំនួន ២ឡូតិ៍ទុកមួយរយៈ ក៏បានចំនេញពីដីនោះ ពួកលោកមានគំនិតចង់ពង្រីកបន្ថែម ហើយបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា«7Biz Development Investment Co.,Ltd» បន្ទាប់ពីពង្រីកអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យជាបន្ដបន្ទាប់នោះ ពួកគាត់បានទិញដីបន្ថែម ហើយយកមកពុះជាឡូតិ៍លក់ ដោយមានការគាំទ្រពីអតិថិជនយ៉ាងច្រើន។

លោក អាន ច័ន្ទថ្លា បញ្ជាក់ថា«ក្រុមហ៊ុន 7Biz Development Investment Co.,Ltd យើងនាពេលនេះ កំពុងអភិវឌ្ឍន៍ដីឡូតិ៍មួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ប្រមាណជាង ៤០០ឡូតិ៍ ដោយមានអតិថិជននាំគ្នាមកទិញជិតអស់ទាំងស្រុងហើយ»។

លោក ឃឹម ហ៊ួត អ្នកសារព័ត៌មាន និងជាស្ថាបនិកម្នាក់ក្នុងចំណោមនោះ បានលើកឡើងថា ដោយមើលឃើញពីសក្ដានុពលពីវិស័យអចលនទ្រព្យ សមាជិកក្នុងក្រុមហ៊ុន 7Biz Development Investment Co.,Ltd បានសម្រេចវិនិយោគលើវិស័យដីធ្លីនេះតែម្ដង។

លោកបន្តថា ចក្ខុវិស័យរបស់ក្រុមហ៊ុន 7Biz Development Investment Co.,Ltd នាំពេលខាងមុខ នឹងធ្វើការអភិវឌ្ឍលើវិស័យសាងសង់ និងវិស័យដីធ្លីបន្ថែមទៀត ខណៈទុនវិនិយោគមានការកើនឡើងជាបន្ដបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។

លោក ហ៊ួត បានបញ្ជាក់ថា៖«ឥឡូវនេះ យើងកំពុងរកទីតាំងដីក្បែរៗក្រុងភ្នំពេញ ដើម្បីអភិវឌ្ឍន៍លើការសាងសង់បន្ថែមសម្រាប់បម្រើឲ្យការជួលជាការិយាល័យការងារ និងផ្សារទំនើប ហើយចំណែកការពុះដីឡូតិ៍ ក៏យើងនៅតែបន្តលក់ដដែល»។

បច្ចុប្បន្ន ក្រុមហ៊ុន 7Biz Development Investment Co.,Ltd កំពុងអភិវឌ្ឍន៍លក់ដីឡូតិ៍នៅភូមិត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៣ ក្រោមទុនវិនិយោគជិត១លានដុល្លារអាមេរិក ខណៈទីតាំងផ្លូវជាតិលេខ៣កំពុងមានសក្ដានុពលជាមួយនឹងការពង្រីកផ្លូវជាតិនេះ និងមានការគាំទ្រពីអតិថិជនយ៉ាងខ្លាំង៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here