មេធាវី​តំណាង​ភរិយា​កវី គង់ ប៊ុនឈឿន​ ព្រមាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ករណី​ចម្លង​ស្នាដៃ​បទ​ចម្រៀង​មរតក​ដើម​

0

ភ្នំពេញ៖ មេធាវី​តំណាង​ឲ្យ​ភរិយា​លោក គង់ ប៊ុនឈឿន គឺ​លោក ពេជ្រ អង្គ បាន​ប្រកាស​ព្រមាន​តាម​ផ្លូវ​ច្បាប់​លើ​តារា​ចម្រៀង​ អ្នក​និពន្ធ​ ឬ​បុគ្គល​ណា​ដែល​បាន​លួច​ចម្លង​ស្នាដៃ​មរតក​ដើម​របស់​ កវី គង់ ប៊ុនឈឿន ទៅ​កែច្នៃ​ក្រឡៃ​សាច់​ភ្លេង​ឲ្យ​ខុស​ពី​ទំនុក​បទ​ដើម​ ឬ​ខូច​លំនាំ​នៃ​បទ​ចម្រៀង​។

ការ​ប្រកាស​ព្រមាន​នេះ​ដោយ​សារ​សង្កេត​ឃើញ​តារា​ចម្រៀង​ និង​អ្នក​និពន្ធ​ខ្មែរ​បច្ចុប្បន្ន​បាន​នឹង​កំពុង​តែ​នាំ​គ្នា​ជ្រួលជ្រើម​លួច​ចម្លង ​(Cover)​ បទ​ចម្រៀង​មរតក​ដើម​ដែល​ជា​ស្នាដៃ​របស់​កវី​ស្ទឹង​សង្កែ​លោក គង់ ប៊ុនឈឿន ទៅ​ក្រឡៃ​ទំនុក​ច្រៀង​និង​សាច់ភ្លេង​ដែល​ជា​ទង្វើ​រំលោភ​លើ​សិទ្ធិ​បទ​ចម្រៀង​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ភរិយា ​លោក គង់ ប៊ុនឈឿន គឺ​លោក​ស្រី គាត គឹម​លន​ តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ ការ​យក​ទៅ​ច្រៀង​ឡើងវិញ​ ការ​កែ​ឃ្លាឃ្លោង​ ការ​កែ​សាច់​ភ្លេង​ និង​ធ្វើ​អាជីវកម្ម​តាម​ទី​តាំង​នានា​នៅ​លើ​បណ្ដាញ​សង្គម​យូធូប​ ឬ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផ្សេង​ៗ​។

លោក​ ពេជ្រ អង្គ មេធាវី​តំណាង​ភរិយា​លោក គង់ ប៊ុនឈឿន លើក​ឡើង​ថា​ការ​និពន្ធ​ជា​ការ​ខំ​ប្រឹង​ដោយ​បញ្ញា​ស្មារតី​ ប្រកប​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​ ដែល​គួរ​ឲ្យ​គោរព​។ ដូច្នេះ​មិន​គួរ​រំលោភ​សិទ្ធិ​របស់​អ្នក​និពន្ធ ទោះ​បី​ដោយ​ហេតុផល​ណាមួយ​ឡើយ​។

 

ទង្វើ​នេះ​គឺជា​ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ឆ្នាំ​២០០៣ និង​ជាពិសេស​លើ​សិទ្ធិ​បេតិកភណ្ឌ និង​ឬ​សិទ្ធិ​សីលធម៌​របស់​លោក​ស្រី គាត គឹមលន ដែល​ធ្វើ​ឲ្យ​លោក​ស្រី​មាន​ការ​ឈឺចាប់​។

លោក​បន្ត​ទៀត​ថា​ទង្វើ​នេះ​ក៏​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ និពន្ធ​ស្ទើរ​មួយ​ជីវិត​របស់​លោក គង់ ប៊ុនឈឿន ហើយ​ទង្វើ​នេះ​ក៏​ជា​ការ​ធ្វើ​ឲ្យ​អ្នកនិពន្ធ​នានា​រួញរា​ក្នុង​ការ​បង្កើត​បទ​ចម្រៀង​ដើម​ថ្មី​ៗ​នា​ពេល​ខាង​មុខ​ដែរ​និង​មិន​បាន​រួម​ចំណែក​អ្វី​ទាន់​តែ​សោះ​ដល់​ការ​អភិវឌ្ឍន៍​វប្បធម៌​ និង​សង្គម​។ លោក​ ពេជ្រ ​អង្គ​ បាន​ប្រកាស​ព្រមាន​ដូច្នេះ​ថា​ស្នើ​ឲ្យ​អ្នក​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ទាំងនេះ​បញ្ឈប់​និង​ដក​ហូត​បទ​ចម្រៀង​និង​បទ​ភ្លេង​ទាំង​នេះ​ចេញ​ពី​ប្រព័ន្ធ​ចែកចាយ​និង​ទី​តាំង​ធ្វើ​អាជីវកម្ម​នានា​ជា​បន្ទាន់​។ក្នុង​ករណី​បន្ត​លោក​ និង​ពិចារណា​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។

ចំពោះ​អ្នក​ដែល​មាន​បំណង​ទទួល​សិទ្ធិ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ការ​ផលិត​ឡើងវិញ​ ក្នុង​ទម្រង់​បែប​ណា​មួយ​លើ​ស្នាដៃ​ទាំង​នេះ​លោក​ស្រី គាត គឹមលន រីករាយ​និង​ពិភាក្សា​អំពី​ការ​ផ្តល់សិទ្ធិ​ធ្វើ​អាជីវកម្ម​តាម​រយៈ​លោក​មេធាវី​ ពេជ្រ អង្គ ឬ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​ដូរ្យតន្ត្រី​កម្ពុជា​ដែល​នឹង​ចេញ​ជា​រូប​រៀង​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ។​ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ លោក ពេជ្រ អង្គ ។គួរ​រម្លឹក​ថា​ភរិយា​ កវី គង់ ប៊ុនឈឿន គឺ​លោក​ស្រី គាត គឹមលន កាល​ពី​ថ្មី​ៗ​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កាល​ពី​កន្លង​មក​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន​សរុប​៥៥​បទ​ ដែល​ជា​ការ​ទទួល​មរតក​បន្ត​ពី​លោក​កវី គង់ ប៊ុនឈឿន៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here