រថយន្ត Ford Ranger Raptor 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

0

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែល​ជាតំណាង​នាំចូល និង​ចែកចាយ​ផ្តាច់​មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជាផ្លូវការ​នៃ​រថយន្ត Ford Ranger Raptor ស៊េរីថ្មី 2020 ដែល​មាន​ទីតាំង​នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់​មុខ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែនសុខ​ស៊ីធី – អ៊ីអន 2) កាល​ពី​ថ្ងៃទី 09 ខែមករា ឆ្នាំ 2020។ Ford Ranger Raptor បាន​បង្កើត​ឡើង​ដោយ​មាន​រួម​បញ្ចូល​ជាមួយ​នឹង DNA របស់ Ford Performance រួម​ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិតថ្មី និង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់ ធ្វើឱ្យ​បទពិសោធន៍​បើកបរ​របស់​អ្នក​កាន់​តែ​មាន​ភាព​អស្ចារ្យ មិន​តែ​ប៉ុណ្ណោះ​រថយន្ត​នេះ​នឹង​ក្លាយ​ជា​គូ​ប្រកួត​ប្រជែង​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត Pickup ផងដែរ។

រថយន្ត​នេះ​ត្រូវ បាន​ផលិត​ឡើង និង​បាន​ធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់​ដោយ​ក្រុមវិស្វករ Ford Performance Team ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជំនះ​គ្រប់​ឧបសគ្គ កាន់តែ​ពិសេស សម្រាប់​អតិថិជន ដែល​ចូលចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ Off-road។

លោក Michael Breen នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិច បាន​មាន​ប្រសាសន៍​ថា៖ “ការ​បង្កើត​ឡើង និង​ការ​រចនា​រូបរាង​របស់ Ranger Raptor បាន​ធ្វើ​ឡើង​នៅ​ទ្វីប​អាស៊ី​ដោយ​អ្នក​រចនា​រថយន្ត Ford និង​វិស្វករ​ក្រុមហ៊ុន​ Ford ដែល​មាន​ជំនាញ​ច្បាស់​លាស់។ ពួកគេ​បាន​សហការ​ជាមួយ​នឹង​ក្រុមវិស្វករ Ford Performance Team ដើម្បី​បង្កើត​រថយន្ត​នេះ​ឡើង។ ការ​សហការ​មួយ​នេះ​ហើយ​ដែល​នាំ​ឱ្យ​មាន​ការ​លេច​រូបរាង​ឡើង​របស់ Ford Ranger Raptor នៅ​ទ្វីប​អាស៊ី​។ វា​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ ដែល​ក្រុមវិស្វករ​ជំនាញ​របស់ Ford បាន​សម្រេច​យក Ford Ranger ជា​គោល​ក្នុង​ការ​ផលិត​រថយន្ត Ford Ranger Raptor ព្រោះ Ford Ranger មិន​ត្រឹម​តែ​ជា​រថយន្ត​ដែល​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​រថយន្ត​នេះ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​រថយន្ត Pickup មួយ​នេះ។ ដោយ​សារ​បែបនេះ​ហើយ​ទើប​ក្រុមវិស្វករ​ជំនាញ​របស់ Ford ខិតខំ​ប្រឹងប្រែង​បង្កើត​ឡើង​នូវ​កំពូល​រថយន្ត Pickup Ford Ranger Raptor ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អតិថិជន​ដែល​តែង​តែ​គាំទ្រ​រថយន្ត Pickup របស់ Ford។​ ពួកគេ​មានជំនឿ​ចិត្ត​ថា​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​រថយន្ត​នេះ​ហើយ គឺ​ហាក់​បី​ដូច​ជា​បាន​ជួប​នឹង​កំពូល​រថយន្ត Pickup បែប Off-road Performance ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក។”

Ford Ranger Raptor ក៏​ដូចគ្នា​ទៅ​នឹង Ford F-150 ដែរ វា​ត្រូវ​បាន​រចនា​ដោយ​ផ្អែក​ទៅ​លើ DNA របស់ Ford Performace។ ផ្នែក​ខាង​មុខ​រថយន្ត​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​រថយន្ត Ford F-150 តែ​ម្ដង ដោយ​ប៉ាណា ខាង​មុខ​បាន​បំពាក់​ដោយ​អក្សរ Ford ធំៗ​មើល​ទៅមាន​លក្ខណៈ​កាច​ជាង Ford Ranger ធម្មតា។ កាង​ខាង​មុខ​ត្រូវ​បាន​រចនា​ថ្មី រឹង​មាំ ធន់​នឹង​ការ​ប៉ះ​ទង្គិច ល្អ​បំផុត​សម្រាប់​ការ បើកបរ​លើ​ផ្លូវ​លំបាក។ ចំណែក​ផ្នែក​ខាង​ក្នុង​បាន​បំពាក់​ទៅ​ដោយ​ពូក​ស្បែក​មាន​គុណភាព​ខ្ពស់​ធន់​នឹង​ការ​ប្រើប្រាស់​ពេល​បើកបរ Off-road ក៏​ដូចជា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ។ កៅអី​នីមួយៗ​បាន​រចនា​ដោយ​ ផ្ដល់​ទាំង​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នក​បើកបរ។

Ford Ranger Raptor បាន​បំពាក់​ជាមួយ​នឹង​ម៉ាស៊ីន​ជំនាន់​ថ្មី Bi-Turbo ទំហំ 2.0L កម្លាំង​ខ្លាំង និង​សន្សំ​សំចៃ​ប្រេង ដែល​មាន​កម្លាំង​សេស 213PS កម្លាំង Torque 500Nm និង​ប្រើ​ប្រអប់​លេខ​ថ្មី 10 លេខ ជំនួយ​ដល់​ការ​ដាក់​លេខ​មាន​ភាព​រលូន​ និង​ងាយ​ស្រួល។

ប្រព័ន្ធ​ជើង​ក្រោម​ត្រូវ​បាន​បំពាក់ ជាមួយ​នឹង​បូម Fox Racing Shox ដូច​គ្នា​ទៅ​នឹង បូម​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត Ford F-150 មាន​លក្ខណៈ​ធន់ រឹង​មាំ មិន​រលាក់​ខ្លាំង​មិន​ថា​អ្នក​បើកបរ​លើ​ផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿនក៏​ដោយ ដោយ​សារ​​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​របស់​រថយន្ត។

មិនតែ​ប៉ុណ្ណោះ មិន​ថា​ក្រោម​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងណា​នោះ​ទេ ក៏ Ford Ranger Raptor មិន​រុញរា​នោះ​ដែរ ព្រោះ​រថយន្ត​នេះ​មាន​បំពាក់​ជាមួយ​នឹង​ប្រអប់​លេខ​ថ្មី 10 លេខ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរគ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System with Baja Mode) ទាំង​ផ្លូវ​ធម្មតា និង​ផ្លូវ​លំបាក រួមមាន​ដូចជា ស្ថានភាព​ផ្លូវធម្មតា (Normal mode)​​ ផ្ដល់​ផាសុកភាព​ មិនស៊ី​ប្រេង​ងាយ​ស្រួល​ក្នុង​ការ​បើកបរ,​ ការ​បើកបរ​បែបស្ព័រ (sport mode)​ ផ្ដល់​នូវ​សន្ទុះ​ខ្លាំង​សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន​, ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយ​ឱ្យ​រថយន្ត​មាន​លំនឹង និង​មិន​រអិល​ពេល​បើកបរ​លើ​ផ្លូវ​ដែល​ងាយ​នឹង​រអិល, ផ្លូវ​ដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួល​ការ​បើកបរ​ជៀសវាង​ការ​ផុង កង់​ពេល បើកបរ​លើ​ភក់ ឬខ្សាច់, ផ្លូវថ្ម (Rock mode) សម្រួលការ​បើកបរ​ឱ្យ​មាន​ភាព​រលូន មិន​រលាក់​ខ្លាំង ពេល​បើក​បរលើ​គ្រួស ឬថ្ម និង​ Baja Mode ជួយ​ទប់លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿនលឿន​នៅ​លើ​ផ្លូវ Off-road ហើយ​អ្នក​ក៏​មិន​បាច់​បារម្ភ​ដែរ​នៅពេល​បើកបរ​លើ​ផ្លូវដែល​មាន​ទឹក​លិច ព្រោះ Ford Ranger Raptor អាច​ចុះ​ទឹក​បាន​ដល់​ទៅ 850 mm ឯ​ណោះ។

លើស​ពីនេះ​ទៅ​ទៀត ក្នុងនោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កាពីតាស ដែល​មាន​ការ​កំណត់ 3 ជម្រើសឱ្យ​អ្នក​ជ្រើសរើស​ 2H Two-wheel drive សម្រាប់​បើកបរ​លើផ្លូវ​ដែល​មាន​ឧបសគ្គ តិចតួច, 4H Four-wheel drive សម្រាប់​បើកបរ​ល្បឿន​លឿន​លើ​ផ្លូវ Off-road និង 4L Low-range four wheel drive ផ្ដល់​កម្លាំង​ខ្លាំង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ដែល​លំបាក​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន។

ក្រៅពីនេះ Ford Ranger Raptor ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា ប្រព័ន្ធបញ្ឆេះ​រថយន្ត​ដោយ​ពុំចាំ​បាច់​ប្រើ​សោរ​ (Smart Key) បច្ចេកវិទ្យា SYNC 3 និង​អេក្រង់ Touchscreen 8 អ៊ីញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី​ និង​ការ​កំសាន្ត​នានា កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើ​ផ្លូវ​កោង និង​រអិល ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Launch Assist) ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control) ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឱ្យ​រេ​ពេល​ដឹក និង​សណ្ដោង​ធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ការពារ​ការ​ប៉ះ​ទង្គិច​ (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យ​ប្រវត្តិ (Autonomous Emergency Braking) នៅ​ពេល​មាន​ឧបសគ្គ​មក​ពី​ខាង​មុខ ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញ​ពី​គន្លង (Lane Keeping System) និង​ប្រព័ន្ធ​ផ្តល់​សញ្ញាឱ្យ​អ្នក​បើកបរ​ឈប់​សម្រាក​ពេល​មាន​អារម្មណ៍​ងងុយ​គេង (Driver Alert System)។

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិម អេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេច​ចិត្ត​នាំ​ចូល​នូវ​ប្រភេទ​រថយន្ត Pickup មួយ​នេះ​មក​កាន់​ទី​ផ្សារ​កម្ពុជា គឺ​ដើម្បី​ឆ្លើយ​ត​ប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ក៏​ដូច​ជា​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជនកម្ពុជា​ឱ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ។ ម៉្យាងទៀត យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ​រថយន្ត​ប្រភេទ Pickup ក៏​ទទួល​បាន​ការ​ពេញ​និយម​សម្រាប់​អ្នក​មាន​គ្រួសារ និង​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម ដោយ​សារ​រថយន្ត​​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន គ្រប់​កាលៈ​ទេសៈ គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​សម្រាប់​ធ្វើ​ការ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ។”

Ford Ranger Raptor ក៏​មាន​ផ្ដល់​ជម្រើស​នៃ​ពណ៌​ជា​ច្រើន​ឱ្យ​ជ្រើសរើស​រួម​មាន​ដូច​ជា ពណ៌​ស ក្រហម ខៀវ ប្រផេះ និង​ខ្មៅ​ផង​ដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here