ពេជ្រ សូលីកា បញ្ចេញសាររៀបរាប់ពីអារម្មណ៍ផ្លូវចិត្តក្រោយពេលម្តាយត្រូវចាប់ខ្លួនជុំវិញករណីឃាតកម្ម

0

ភ្នំពេញ៖ស្របពេលដែលរឿងរ៉ាវនៃការចាប់ខ្លួនស្រ្តីជាម្តាយរបស់តារាស្រីកញ្ញា ពេជ្រ សូលីកា ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ស្រ្តីវ័យ៥០ឆ្នាំព្រោះតែភ្លើងប្រចណ្ឌផ្អើលមហាជននិងសារព័ត៌មានក្នុងស្រុកជាច្រើននោះស្រាប់តែពេលនេះកូនស្រីគឺ ពេជ្រ សូលីកា បានចេញសារបង្ហាញពីអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនទាក់ទងនឹងបញ្ហានេះ។

យោងតាមខ្លឹមសាដែលត្រូវបាន ពេជ្រ សូលីកា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបានរៀបរាប់ថារឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយបានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត។ដើរតួជាឪពុកផងដើរតួជាម្ដាយផង ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត ។

ពេជ្រ សូលីកា និយាយបន្តទៀតថាចំពោះព័ត៌មាន នឹងសង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ? ។

នាងបញ្ជាក់ថាខ្ញុំនិយាយតាមត្រង់ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បៈមួយនេះដែរ នេះមិនមែនជាការសម្ដែងតែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូលរួចក៏សួរខ្លួនឯងថាខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ?ហេតុអ្វីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វីបានជាខ្ញុំមិនដឹង?ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ ។

កញ្ញា ពេជ្រ សូលីកា លើកឡើងថាខ្ញុំក៏មិនបណ្ដោយអោយប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយឭហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់។បងៗសារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអ្វី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ ។ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនអោយកូនដឹងបែបនេះ។

បន្ថែមពីលើនេះកញ្ញា ពេជ្រ សូលីកា បានឲ្យដែរថាម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស ចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តា ខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះ ម្នាក់ៗសុទ្ធតែមានម្ដាយសុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក ហេតុអ្វីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ ?អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ។សុំទោសណា៎ម៉ាក់។

ទន្ទឹកគ្នានឹងការរៀបរាប់កញ្ញា ពេជ្រ សូលីកា បង្ហាញពីអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនខាងលើនេះគឺភ្លាមៗនោះដែរមានអ្នកគាំទ្រនាងមួយចំនួនបានសម្តែងការលើកទឹកចិត្តឲ្យ ពេជ្រ សូលីកា ត្រូវតែមានជំហរឹងមាំព្រោះថាកំហុសរបស់ម្តាយនាងបានកើតឡើងរួចទៅហើយ ហើយក៏នឹងត្រូវទទួលទោសតាមច្បាប់ផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here