លោក ជា សុផារ៉ា៖ សមត្ថកិច្ចកំពុងពិនិត្យសំណង់២កន្លែងនៅព្រះសីហនុរបស់ម្ចាស់អគារដែលបាក់រលំនៅខេត្តកែប

0

ភ្នំពេញ៖ ក្រោយពី​សំណង់​លោក ឯក សារុន និង​លោកស្រី ឈី​វ សុធី បាក់រ​លំនៅ​ខេត្ត​កែប​កាលពីពេលថ្មីៗនេះ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ បាននិងកំពុង​ចុះ​ត្រួតពិនិត្យ​សំណង់​របស់លោក ឯក សារុន ចំនួន២កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​កោសល្យវិច័យ ខ្លាច​មាន​គ្រោះថ្នាក់​ដូច​នៅ​កែប​ទៀត។

ការលើកឡើង​ពី​សំណាក​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅពេលនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​សំណង់​ជូន​អ្នក​វិជ្ជាជីវ: ក្នុង​វិស័យ​សំណង់ នៅ​ថ្ងៃ១៤ មករា​ឆ្នាំ២០២០ នា​សណ្ឋាគារ​សុខា​ភ្នំពេញ។

លោក ជា សុផារ៉ា បាន​ថ្លែងថា សំណង់​ខុស​លក្ខណៈ​បច្ចេកទេស នៅ​ព្រះសីហនុ ត្រូវបាន​វាយកម្ទេច​ចោល ១៤ កន្លែង​ហើយ។ ទោះបីយ៉ាងណា​ក៏ដោយ លោក ជា សុផារ៉ា មិនបាន​បញ្ជាក់ថា សំណង​របស់លោក ឯក សារុន នៅ​ព្រះសីហនុ​សាងសង់ឡើង​ខុសច្បាប់ ឬ​ត្រូវ​ច្បាប់​ទេ។

លោក​មានប្រសាសន៍ថា «ចំពោះ​សំណង់ ឯក សារុន ហ្នឹង នៅ​ចំនួន២ទៀត នៅ​ខេត្ត​ព្រះសីហនុ កំពុងតែ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ»។

រូបតំណាង
រូបតំណាង

អាគារ​បាក់រ​លំនៅ​កែប​ចំនួន ៦ជាន់ ត្រូវបាន​គេ​ដឹងថា ជា​របស់លោក ឯក សារុន និង​មាន​ភរិយា​ឈ្មោះ ឈី​វ សុធី។ ក្នុង​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ធ្វើ​ឲ្យ​កម្មករ​ស្លាប់ ៣៦នាក់ និង​របួស ២៣នាក់។ ចំពោះ​ខេត្ត​ព្រះសីហនុ​វិញ​ក៏មាន​គ្រោះ​បាក់​អគារ​កម្ពស់ ៧ជាន់ បង្ក​ឲ្យ​មាន​កម្មករ​ស្លាប់​ចំនួន២៨នាក់ និង​របួស​ប្រមាណ​ជា ៤០នាក់​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។

ឆ្លៀតឱកាស​នោះ រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី​លើកឡើងថា ក្រសួង​នឹង​រក​ចំណូល​បន្ថែមទៀត ជូន​ដល់​ស្ថា​ប្យករ និង​វិស្វករ ដែល​តម្រូវ​ឲ្យ​ការដ្ឋាន​ទាំងអស់ មាន​វិស្វក​ចំនួន២រូប ដើម្បី​ប្រចាំការ និង​ធ្វើយ៉ាងណា​ឲ្យ​សំណង់​សាងសង់​ដោយ​រលូន។

ជាងនេះទៀត លោក ជា សុផារ៉ា បាន​អះអាងថា ច្បាប់​ស្ដីពី សំណង់ បានធ្វើ​ឲ្យ​សុវត្ថិភាព​ដល់ សំណង់ ម្ចាស់​សំណង់ និង​អ្នកប្រើប្រាស់​សំណង់ ជាពិសេស ដល់​សាធារណៈជន។ លោក​ថា គោលបំណង​ច្បាប់​ស្ដីពី សំណង់ គឺ​ធានា​អនុវត្ត​ច្បាប់​សំណង់ ស្របតាម​ផែនការ​នគរូបនីយកម្ម ខណៈ សំណង់ គឺជា​កន្លែង​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច។

វិស័យ​សំណង់ កាលពី​ឆ្នាំ២០១៩ មាន​រហូត​ទៅដល់ ១ម៉ឺន១ពាន់​លាន​ដុល្លារ ស្នើ​នឹង៩៨ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង ឆ្នាំ២០១៨ មាន​ត្រឹមតែ ៥ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។នេះ​បើតាម​ការលើក​បន្ថែម​ពី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

អត្ថបទ៖ ហ្សា​លីន

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here