ក្រសួងកំពុងដាក់ផែនការកាត់បន្ថយប្រាក់ឈ្នួលកម្មករធ្វើការវេនយប់ឲ្យស្មើនឹងកម្មករធ្វើការវេនថ្ងៃវិញ

0

ភ្នំពេញៈ ក្រសួង​ការងារ​បានបង្ហាញ​ពី​បំណង​ចង់​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​ធ្វើការ​នៅ​វេន​យប់ ដើម្បី​ឲ្យ​ស្មើនឹង​ប្រាក់​ឈ្នួល​ការងារ​នៅ​វេន​ថ្ងៃ​វិញ និង​លុបបំបាត់​ថ្ងៃ​ឈប់សម្រាក​សង​រប​ស់ក​ម្មករ ដើម្បី​ឲ្យ​ស្របតាម​ស្ថានភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ខណៈ​ក្រុម​សហជីព និង​កម្មករ​មួយចំនួន​ថា ពួកគាត់​បាត់​ប្រយោជន៍​ច្រើន។

កាលពី​ថ្ងៃ ៩ មករា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​លិខិត​មួយ​ដោយ​បញ្ជាក់ថា ក្រសួង​ការងារ​កំពុង​រៀបចំ​កា​រ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​លើ​ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​វេន​ការងារ​យប់ លុប​ការឈប់​នៅ​ថ្ងៃ​បន្ទាប់ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ចំ​លើ​ថ្ងៃអាទិត្យ និង​ពង្រីក​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុងការ​ដោះស្រាយ​វិវាទ​បុគ្គល។

នៅក្នុង​លិខិត​នោះ ក្រសួង​បញ្ជាក់ថា ការកែប្រែ​នេះ​នៅក្នុង​ច្បាប់​ស្ដីពី​ការងារ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ចកម្ពុជា ។

លិខិត​នោះបាន​សរសេរថា «ដើម្បីឱ្យ​ការធ្វើ​វិសោធនកម្ម​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​ដោយ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ ខែមករា ឆ្នាំ ២០២០» ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការកាត់បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​របស់​កម្ម​ករពី ១៣០% នៃ​ប្រាក់​ឈ្នួល​ដើម្បី​សម្រួល​ឱ្យ​ស្មើនឹង​ប្រាក់​ឈ្នួល​វេន​ថ្ងៃ​នាពេល​ខាងមុខនេះ នឹងធ្វើ​ឱ្យ​ប្រយោជន៍​របស់​កម្មករ​ត្រូវ​បាត់បង់​បន្ថែមទៀត ។

លោក ប៉ាវ ស៊ីណា បាន​បន្តថា ការកាត់បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់ និង​ការលុបបំបាត់​ថ្ងៃ​ឈប់សម្រាក​សង​រប​ស់ក​ម្មករ​នៅពេលនេះ​គឺជា​ការស្នើ​ឡើង​ដោយ​ក្រុម​ភាគី​ន​យោជក ។ លោក​បន្ថែមថា​នឹង​ទៅ​ចូលរួម​ពិគ្រោះ​យោបល់​នេះ​តាម​ការអញ្ជើញ​របស់​ក្រសួង ប៉ុន្តែ​លោក​មិនមាន​ក្ដី​សង្ឃឹមថា​ក្រសួង​ការងារ​នឹង​យកក្ដី​កង្វល់​របស់លោក​ទៅ​ពិចារណា​ឡើយ។

លោក ចាន់ រ៉ា​ឌី កម្មករ​រោងចក្រ​កាត់ដេរ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​លើកឡើងថា ការបន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ដែល​ក្រសួង គួរតែ​ជួយ​ការពារ​ផលប្រយោជន៍​ជូន​កម្មករ​វិញ​ទើប​ល្អ។

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here