
ភ្នំពេញ៖ នៅក្នុង “វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា” កាលពីល្ងាចទី០៧ ខែសីហា ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំប្រធានាធិបតីនៃប្រទេសស្រីលង្កា ធ្វើការជំរុញឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
តាមរយៈសំណើនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់ទៅ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កា ថាសក្កដានុពល និងគុណសម្បត្តិនៃប្រទេសកម្ពុជា ជាកត្តារួមមួយ ក្នុងការជំរុញឲ្យមានជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យជាច្រើន ដូចជា ទេសចរណ៍ សំណង់ កាត់ដេរសម្លៀកបំពាក់ ពាណិជ្ជកម្ម វិនិយោគ និង វិស័យផ្សេងៗទៀត។
អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តធុរជនស្រីលង្កាឲ្យមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជា គឺជាប្រទេសមានអំណោយផលបំផុតសម្រាប់ការវិនិយោគ ហើយឥឡូវនេះ គឺជាពេលវេលា ពេលវេលាដ៏សក្ដិសមបំផុតសម្រាប់ការធ្វើការវិនិយោគ។
សូមបញ្ជាក់ដែរថា៖ កម្ពុជា-ស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំង ពីឆ្នាំ ១៩៥២ ប៉ុន្តែត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិល ហើយត្រូវបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦៕