
ភ្នំពេញ៖ តាមរយៈខ្លឹមសារស្ដីពីវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា កាលពីល្ងាចថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សរសរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០៣០ ខាងមុខ កម្ពុជា អាចនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ខណៈបច្ចុប្បន្នកម្ពុជា មានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
សម្តេចតេជោបានបង្ហាញថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។
សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។ តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័ត មានចំនួន ១៥៣ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក។
ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២, ៨៨ លាននាក់ មានការកើនឡើង ១១, ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១.៤៣៧នាក់ ដល់ ១.៧៥៦នាក់។
គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួនប្រមាណ ៦,២លាននាក់ ហើយកម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ពោលគឺប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ និង ១១លាននាក់នៅឆ្នាំ២០២៥ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។
សម្តេចតេជោបានបង្ហាញពីដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥៕