
ភ្នំពេញ៖ បន្ទាប់ពីបង្ហាញខ្លួនបង្អួតទីផ្សារស្មាតហ្វូនពិភពលោក ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន Vsmart របស់ប្រទេសវៀតណាម ក៏នឹងត្រៀមបោះជំហាន់ចូលទីផ្សារកម្ពុជា យើងដែរ នៅខែក្រោយនេះ ដើម្បីប្រជែងជាមួយក្រុមហ៊ុនស្មាតហ្វូនធំៗមកពីអាមេរិក កូរ៉េ និងចិន ជាដើម។
ប្រភពព័ត៌មានដែលអាចទុកចិត្តបានបញ្ជាក់ថា ក្រោយទទួលបានភាពជោគជ័យលើការពង្រីកទីផ្សារទៅកាន់ពិភពលោក Vingroup ដែលជាក្រុមហ៊ុនមេរបស់ Vsmart បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំយកស្មាតហ្វូនបំពាក់បច្ចេកវិទ្យាទំនើបចុចក្រោយរបស់វៀតណាម មកកាន់កម្ពុជា ដែលជាទីផ្សារក្ដៅសម្រាប់ពង្រីកខ្លួន និងប្រកួតប្រជែងជាមួយក្រុមហ៊ុនស្មាតហ្វូនល្បីៗ ដែលមានវត្ដមានក្នុងទីផ្សារមួយនេះ។
ប្រភពខាងលើថា «នៅខែកញ្ញានេះ Vsmart នឹងមកដល់កម្ពុជា ដោយនឹងយកម៉ូឌែលជាច្រើន សម្រាប់ទីផ្សារមួយនេះ ដោយផ្ដល់ជូននូវជម្រើសបន្ថែមដល់អ្នកប្រើប្រាស់ ជាមួយនឹងតម្លៃដ៏ល្អ»។
បច្ចុប្បន្នស្មាតហ្វូន Vsmart កំពុងស្ថិតក្រោមការផលិតនៅក្នុងរោងចក្រ VinSmart មានទីតាំងស្ថិតនៅឧទ្យាន Hoa Lac Hi-Tech លើផ្ទៃដី ១៥.២ ហិកតា។ ដំណាក់កាលដំបូងនៃការសាងសង់ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា ដែលមានសមត្ថភាពផលិតទូរស័ព្ទ ចំនួន ២៣ លានគ្រឿងក្នុងមួយឆ្នាំ។ សម្រាប់ដំណាក់កាលទី ២ នឹងបញ្ចប់នៅខែតុលា ដោយមានសមត្ថភាពផលិត ៣៤ លានគ្រឿងក្នុងមួយឆ្នាំ។ នៅដើមឆ្នាំក្រោយ រោងចក្រនេះនឹងមានសមត្ថភាពផលិតដល់ ១២៥ លានគ្រឿង សម្រាប់ដំណាក់កាលចុងក្រោយ។
ក្នុងនោះ សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុន Vsmart នឹងត្រៀមនាំយកស៊េរីស្មាតហ្វូនដូចជា Joy 1, Joy 1+, Active 1 និង Active 1+ ដែលពួកវាសុទ្ធសឹងមានរូបរាងស្អាត ហើយមានសមត្ថភាពល្អ អាចទាក់ចិត្តអ្នកប្រើប្រាស់បាន៕