
ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ ៥០លានដុល្លារ នឹងបញ្ចប់ការសាងសង់ ជាស្ថានពរនៅអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខ ខណៈគម្រោងសាងសង់នេះ នឹងអនុវត្ដបញ្ចប់ទៅតាមគម្រោងផែនការ ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា។
ជាពិសេសនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីចិន-កម្ពុជា នឹងធ្វើការត្រួតពិនិត្យឡើងវិញ នូវពាក់កណ្ដាលកិច្ចសន្យា ឬពាក់កណ្ដាលនៃការសាងសង់ ដើម្បីដឹងពីគុណភាពសំណង់ទាំងនេះ។
ការថ្លែងនេះ ខណៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះទៅត្រួតពិនិត្យការសាងសង់មន្ទីរពេទ្យនេះ ការចុះសួរសុខទុក្ខ និងពិនិត្យព្យាបាល ផ្ដល់ឱសថ និងមុងជ្រលក់ថ្នាំ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមទីទួលមានសុវត្ថិភាពនៅខេត្ដរតនគីរី នៅថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ម៉ម ប៊ុនហេង ថ្លែងថា«ស្ថានភាពដែលអ្នកជំនាញយើង បានត្រួតពិនិត្យទៅលើសំណង់អគារនេះ គឺមានសភាពរឹងមាំល្អ ធានាបានគុណភាព ជាពិសេសការសាងសង់បានឆាប់រហ័ស ស្របទៅតាមកិច្ចសន្យារបស់យើង។ មកទល់នឹងពេលនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ គឺសាងសង់បាន២០ភាគរយហើយ ដោយក្នុងនោះ ក្រសួងរបស់យើង នឹងខិតខំប្រឹងប្រែងពង្រឹងចំណេះជំនាញ និងបច្ចេកទេសដល់ក្រុមគ្រូពេទ្យយើង ដើម្បីត្រៀមផ្ដល់សេវាសុខភាពជូនពលរដ្ឋនៅខេត្ដត្បូងឃ្មុំនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់»។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលគម្រោងទី១ គឺមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុម: ដែលទើបធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
មន្ទីរពេទ្យនេះ នឹងបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺដូចជា៖ ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្ត្រី និងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy, ផ្នែកមន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។
មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ បានសាងសង់ឡើង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងបញ្ចប់ទៅវិញនៅចុងខែតុលា ឆ្នាំ២០២១ ដែលសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល៤០ខែ៕