សហភាពអឺរ៉ុបផ្ដល់ ១០០លានដុល្លារ ដើម្បីគាំទ្រវិស័យជលផលនៅកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុប និងផ្តល់ជំនួយប្រមាណជាង ១០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យជល ផលនៅកម្ពុជា ហើយជំនួយនេះ នឹងប្រកាសនៅថ្ងៃពុធទី២១ ខែសីហានេះ។ នេះបើតាមការបញ្ជាក់ របស់ លោក ចច អ៉ីដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ជំរាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងជំនួបសំដែងការគួសម និងជំរាបលា ខណៈលោកត្រូវបញ្ចប់ អាណត្តិការងារទូតនៅកម្ពុជា ដែលបានធ្វើឡើងនាទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ខែសីហានេះ ។

ក្នុងជំនួបនោះដែរ លោក ចច អ៉ីដហ្គា បានលើកឡើង ពីកិច្ចការមួយចំនួន ដែលរូបលោកចាត់ទុក ជាសមិទ្ធផលសំខាន់ៗ ក្នុងបេសកកម្មការងារ រយៈពេល ៤ឆ្នាំនៅកម្ពុជា។ លោក ចច អ៉ីដហ្គា ដែលធ្លាប់ ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីពេលកន្លងទៅផងដែរនោះ មុនក្លាយជាទូត សហគមនទ៍អឺរ៉ុបនៅកម្ពុជា ហើយត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះ ការរីកចម្រើនយ៉ាងខ្លាំង របស់ប្រទេសកម្ពុជា ដោយលោកបញ្ជាក់អំពីការងារសំខាន់ៗ ដែលសហភាពអឺរ៉ុប បានយកចិត្តទុកដាក់ និងជំរុញសម្រាប់រួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាជន និងប្រទេសកម្ពុជា។

ជាងនេះទៀត លោក ចច អ៉ីដហ្គា បានគូសបញ្ជាក់ អំពីការជួយទៅដល់វិស័យ បម្រែបម្រួលអាកាស ធាតុ ដែលកម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ី-អាគ្នេយ៍ ដែលងាយរងគ្រោះ ដោយបម្រែបម្រួល អាកាសធាតុ ដែលជាបញ្ហាពិភពលោក។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុប នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្ន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញ ព្រៃឈើខុស ច្បាប់។ ទន្ទឹមនេះ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហភាពអឺរ៉ុប បានលើកឡើងដែរថា សហភាពអឺរ៉ុប ក៏បាន ធ្វើវិភាគទានដ៏ថ្លៃថ្លា ទៅដល់តុលាការខ្មែរក្រហម ដែលជាតុលាការកូនកាត់ឲ្យទទួល បានជោគជ័យ៕