
ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្តីជូនដំណឹង មួយស្ដីពីការរំលឹកលើក ២ សម្រាប់ការបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ដល់ម្ចាស់ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវរូសរាន់ឲ្យពេល ខណៈការផុតកំណត់នឹងត្រូវបញ្ជប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះហើយ។
នេះជាលើកទី ២ ហើយដែលអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ខណៈការក្រើនរំលឹកលើកទី ១ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថាមកដល់ពេលនេះ នៅមានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។ «ចំពោះការខកខានមិនបានដាក់លិខិតប្រកាស បង់ពន្ធទាន់ពេលកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»៕