
ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន នៅថ្ងៃទី ២៥សីហានេះ បានប្រាប់ឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវការពារ និងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុឲ្យមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។
ការថ្លែងនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា៖«ពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុឲ្យមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត»។
លោកបានណែនាំឲ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខ គ្រប់ប្រភេទត្រូវធ្វើការឃាត់ទុក ហើយបញ្ជូនទៅឲ្យជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុយកទៅរក្សាទុក។
នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ទើបឲ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឲ្យសមត្តកិច្ចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្តដែលធ្វើចរាចរណ៍ក្នុងក្រុងខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ព្រោះវាជាបញ្ហាប្រឈមមួយខ្លាំងសម្រាប់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។
ដោយសារកំណើនការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿននូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ជាច្រើនសន្ធឹកសន្ធាប់នាពេលនេះ៕