
ភ្នំពេញ៖ ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន ខូសវ៉េបេ គ្រុប (Causeway Bay Group) និងក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន (SINO Bay Construction Investment) មកពីទីក្រុងហុងកុង នៅថ្ងៃទី ២៦ ខែសីហានេះ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយហៅថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក។
ការចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ លោកឧកញ៉ា លឹម រស់ និងលោកឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយអិនជី ហូលឌីង លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េបេ គ្រុប និងលោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន។
លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយអិនជី ហូលឌីង (ING) បានលើកឡើងថា ក្រុម ហ៊ុនលោកបានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុងមកភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាទីក្រុង អ៊ឹង ស៊ីធី (ING City)។
លោកបន្តថា ភ្នំពេញមានភាពសំបូរបែបរួមផ្សំដោយហាងទំនិញ ការិយាល័យធ្វើការ និងទីកន្លែងសំរាកលំហែរកំសាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានល្អប្រសើរបំផុត។
លោកឧកញ៉ាថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងចងសម្ព័ន្ធក្រុមហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍទីក្រុងនាគ នៅក្នុងតំបន់បឹងទំពុន និងជើងឯក លើផ្ទៃដី៥.៤ហិកតា តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន ដែលគ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២។ គម្រោងនេះនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥ហិកតា។
លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េបេ គ្រុប មកពីទីក្រុងហុងកុងបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការឆ្លើយតបនឹងភាពរីកចំរើនខ្លាំងក្លានៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃប្រជាជនក្នុងរាជធានីភ្នំពេញ។
លោកបន្តថា៖«កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង នឹងជួយយើងកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ នៅទីក្រុងភ្នំពេញ ដោយមានផ្សារទំនើប មណ្ឌលរថយន្ត មណ្ឌលសំភារសំណង់ អគារស្នាក់នៅរួម មណ្ឌលអាហារខ្នាតអន្តរជាតិ លំនៅដ្ឋានគ្រួសារ និងអគារទំនើបៗ ជាមួយនឹងការរចនាយ៉ាងពិសេស»។
គួរបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១ គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែ មេសា ឆ្នាំ២០១៧៕