
ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជា គឺជាចលករមួយយ៉ាងសំខាន់ក្នុងចូលរួមចំណែកជំរុញ និងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្របានមួយផ្នែកតាមរយៈការផ្តល់កន្លែងធ្វើការជាច្រើននាក់ក្នុងមួយថ្ងៃ។
នៅក្នុងរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលចេញកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញឱ្យដឹងថាវិស័យសំណង់បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះគិតជាមធ្យមប្រមាណពី ១៩,០០០ នាក់ ទៅ ២១,០០០ នាក់ក្នុងថ្ងៃ ។ ដោយឡែកនៅរាជធានី ភ្នំពេញមានចំនួនកម្មករប្រមាណពី ៦,២៧០ នាក់ ទៅ ៦,៣០០ នាក់ថ្ងៃ។
បើប្រៀបធៀប ខែមិថុនា ឆ្នាំ ២០១៨ ចំនួនកម្មករគិតជាមធ្យមប្រមាណពី ២៨,០០០ នាក់ទៅ ២៨,៥០០នាក់ ក្នុងមួយថ្ងៃសម្រាប់ទូទាំងប្រទេសដោយឡែកនៅរាជធានី ភ្នំពេញមានចំនួនកម្មករប្រមាណពី ១២,០០០ នាក់ ទៅ ១២,៥០០ នាក់ក្នុងមួយថ្ងៃគឺមានការថយចុះ ចំនួន ២៦,៣១ ភាគរយ ។
តាមរយៈ នៃការសិក្សាស្រាវជ្រាវ ក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញ ក្នុង ១ ថ្ងៃអាចទទួលបាន ពី ៣០ ០០០ រៀល ដល់ ៤០ ០០០ រៀល។ កម្មករមានជំនាញ និងមេជាងក្នុង ១ ថ្ងៃអាច ទទួលបានពី ៤០,០០០ រៀល ដល់ ៦០,០០០ រៀលចំពោះ វិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀតក្នុង ១ ខែអាចទទួលបានប្រាក់បៀវត្ស ពី ៤០០ ដុល្លារ ទៅ ២ ៥០០ ដុល្លារ ៕