ការហោះហើររវាងកម្ពុជា-ចិន មានការកើនឡើងដល់ ៥០០ ជើងក្នុងមួយសប្ដាហ៍

ភ្នំពេញ ៖ វិស័យអាកាសចរណ៍រវាងកម្ពុជា -ចិន នាពេលបច្ចុប្បន្ន បាន និងកំពុងតែបន្តភាពរីកចម្រើនជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលនៃប្រទេសទាំង២ បានខិតខំបន្តកិច្ចជំរុញជាបន្តបន្ទាប់ ។

បច្ចុប្បន្ននេះ វិស័យអាកាសចរណ៍នៃការដឹកជញ្ជូនរបស់ប្រទេសកម្ពុជាទៅកាន់ខេត្តចំនួន២០របស់ប្រទេស ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនចំនួន ១៩ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនកម្ពុជាមានចំនួន៥ ក្រុមហ៊ុនចិនមានចំនួន១៤ ។

ការហោះហើរពីរាជធានីភ្នំពេញទៅកាន់ទីក្រុងនានានៅប្រទេសចិនមាន២៨ ទីក្រុង ពីខេត្តសៀមរាប ដល់ទៅ២៨ទីក្រុង និងពីខេត្តព្រះសីហនុ រហូត ដល់ទៅ១៥ ទីក្រុង ដោយក្នុងនោះមានចំនួនជើងហោះប្រក្រតីសរុបប្រហែល ៥០០ ជើងក្នុងមួយសប្តាហ៍។

ជាមួយនឹងភាពល្អប្រសើរលើវិស័យអាកាសចរណ៍នេះ រដ្ឋាភិបាលនៃប្រទេសទាំង២បាន បើកកិច្ចប្រជុំមួយ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើររួមមាន៖

១. ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយជាបន្ថែមទៀត លើវិស័យអាកាសចរស៊ីវិលរវាងអាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ
២. បានចែករំលែកព័ត៌មាននៃភាពរីកចម្រើនយ៉ាងឆាប់រហ័សលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេស ទាំងពីរ និងឯកភាពជំរុញឱ្យមានការហោះហើរកាន់តែច្រើនឡើងថែមទៀត
៣. បានចែករំលែកបទពិសោធន៍នៃដំណើរការសាងសង់អាកាសយានថ្មី ដែលប្រកបដោយបច្ចេកវិទ្យាចុងក្រោយបំផុត
៤. ឯកភាពគោលការណ៌សំខាន់ៗ សម្រាប់ការគាំទ្រផែនការបណ្តុះបណ្តាលធនធានមនុស្ស ដេីម្បីពង្រឹងសមត្ថភាពមន្ត្រី អនុវត្តសុវត្ថិភាពហោះហើរ និងសាងសង់អាកាសយានដ្ឋានរបស់កម្ពុជា៕