
ភ្នំពេញ ៖ គម្រោងប្លង់មេប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ក្រុងបូកគោ ដែលស្ថិតនៅតំបន់មុំ៣ ដែលមានព្រំប្រទល់ជាប់ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវបានបែងចែកជា៨តំបន់ធំៗ ក្នុងនោះ គម្រោងតំបន់លក់ដីឡូត៍បានកំពុងរៀបចំលក់ ប៉ុន្តែត្រូវបានហាមម្ចាស់គម្រោងមិនត្រូវលក់ដីឡូត៍សម្រាប់សង់លំនៅឋានទៅឱ្យជនបរទេសនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ អ្នកវិនិយោគ និងធុរជនជាតិ-អន្តរជាតិទាំងអស់ ពិនិត្យលទ្ធភាពចូលរួមវិនិយោគគម្រោងអភិវឌ្ឍក្រុងបូកគោ ក៏ដូចជាវិនិយោគនៅកម្ពុជាមានជាអាទិ៍ ការអភិវឌ្ឍទេសចរណ៍ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ និងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយ និងម៉ាស៊ីនប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង-រាវ លំហសាធារណៈ និងផ្ទះបៃតង បរិក្ខារទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មានបរិយាប័ន្ន មានភាពធន់ និងមានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា “ប្លង់មេអភិវឌ្ឍន៍ក្រុងបូកគោ ធ្វើឡើងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនា ប៉ុន្តែគ្រប់អចលទ្រព្យ និងដីធ្លីគឺហាមលក់ឲ្យជនបរទេសពោលគឺត្រូវលក់ទៅឲ្យតែជាជនជាតិខ្មែរ” ។
អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ លោក លី រស្មី បានឱ្យដឹងថា ក្រុងបូកគោថ្មីនេះ មានទំហំដីប្រមាណ១៥៤,៤៥៨គីឡូម៉ែត្រការ៉េ ហើយគម្រោងថ្មីត្រូវអភិវឌ្ឍន៍មានតែ៥ភាគរយនៃគម្រោងដីទាំងអស់ គឺស្មើជាង៨ពាន់ហិកតា។
លោកបន្តថា សម្រាប់ប្លង់មេអភិវឌ្ឍន៍រយៈពេលវែងគាំទ្រដោយក្រសួងរៀបចំដែនដី បែងចែកជា៨តំបន់ធំៗ ហើយគ្រប់តំបន់អភិវឌ្ឍន៍ និងអភិរក្សផ្តោតសំខាន់ទៅជាតំបន់លំហែរកាយ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ៕