ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា អនុម័តលើគម្រោងចំនួន៤ មានទំហំទឹកប្រាក់ ៤៩៥លានដុល្លារ

ភ្នំពេញ ៖ តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៤ ដែល​រួ​មាន​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ចំនួន២ និង​គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ចំនួន២ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១- “HAI GANG GRAND HOTEL CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន៩០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៦ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១៥៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៨១កន្លែង។

២- “XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន១.១១១បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២២៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៦៨កន្លែង។

៣- “SCHNEITEC SUSTAINABLE CO., LTD” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង៦០ មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៥៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥កន្លែង។

៤- “SCHNEITEC SUSTAINABLE CO., LTD” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង៦០ មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៥៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥កន្លែង៕