
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍មណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ដែលជាមណ្ឌលអេកូទេសចរណ៍លំដាប់អន្តរជាតិ វិនិយោគក្នុងតម្លៃ ៥០០លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺត្រូវបានចាប់ផ្តើមជាដំណាក់កាលដំបូងហើយ។ នេះបើតាមការឲ្យដឹងពីលោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ។
គណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងថា គម្រោងសាងសង់កន្លែងកម្សាន្តដ៏ធំ ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនមកពីប្រទេសផ្សេងគ្នាចំនួន ៣ រួមមាន ហុងកុង ស្វីស និងសិង្ហបុរី បានចាប់ផ្តើមមានសកម្មភាពជាបណ្ដើរៗហើយ។ គម្រោងនេះស្ថិតនៅម្តុំគីឡូម៉ែត្រលេខ៥៦- ៥៧- ៥៨ ដែលធ្វើដំណើរពីជ្រោះពេជ្រនិល គឺស្ថិតនៅខាងឆ្វេងដៃ មានបឹងធម្មជាតិដ៏ធំមួយនៅទីនោះ។ លោកបន្តទៀតថា “បឹងមួយនេះមានភាពអំណោយផលដល់គម្រោង ដោយសារនៅក្នុងគម្រោងសាងសង់តម្រូវមានអាងទឹកដំធំមួយ ដូចបានឃើញនៅក្នុងរូបភាពស្រាប់។
លោកវ៉ី សំណាងបានបន្តទៀតថា បឹងនេះនឹងត្រូវស្តារទឹកចេញ ហើយជីកបន្ថែម ដើម្បីពង្រីកឱ្យកាន់តែធំ និងមានជម្រៅជ្រៅឱ្យស្របទៅតាមគម្រោង។ ដោយឡែកចំពោះក្រុមអ្នកជំនាញផ្នែករៀបចំ និងកំណត់ព្រំប្រទល់សាងសង់ ក៏កំពុងតែដំណើរការរៀបចំដី ដោយការប្រមូលទិញពីប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់គម្រោង។
លោកបានបញ្ជាក់ទៀតថា “បន្ទាប់ពីការរៀបចំដីបានចប់សព្វគ្រប់ ហើយចុះបញ្ជីដីធ្លីជាប្លង់មេតែមួយរួចរាល់ នឹងដាក់សំណើរទៅ CDC ដើម្បីសុំចុះ និងអជ្ញាប័ណ្ណដំណើរការសាងសង់ ខណៈដែលការត្រួតពិនិត្យគម្រោង ត្រូវបានឆ្លងកាត់មន្ត្រីជំនាញ CDC ម្ដងរួចហើយ។
គម្រោងមេរបស់មជ្ឈមណ្ឌលកម្សាន្តមួយនេះ មានទំហំទឹកប្រាក់រហូតដល់ប្រមាណ៥០០លានដុល្លារ ប៉ុន្តែនៅក្នុងតំណាក់កាលដំបូងក្រុមហ៊ុនទាំងនេះ នឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ នៅលើផ្ទៃដីទំហំជាង១០០ហិកតា ស្ថិតនៅក្នុងស្រុកភ្នំស្រួច និងស្រុកសំរោងទង ដែលនឹងបញ្ចប់គម្រោងសាងសង់ទាំងស្រុងត្រឹមរយ៥ឆ្នាំ ដើម្បីដំណើរការឱ្យទាន់គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
មជ្ឈមណ្ឌលកម្សាន្តដ៏ធំលើកដំបូងប្រចាំកម្ពុជាមួយនេះ ត្រូវបានធ្វើការបែងចែកចេញជាច្រើនផ្នែក ដូចជា តំបន់ក្មេងលេងទឹក តំបន់សម្រា់មនុស្សពេញវ័យកម្សាន្តជាមួយឧបករណ៍ទំនើបៗ តំបន់សម្រាប់មនុស្សចាស់លំហែរកាយ តាមលក្ខណៈធម្មជាតិ និងតំបន់ជិះកងហាត់ប្រាណ ដែលមានទំហំរហូតដល់៤គីឡូម៉ែត្រ រួមជាមួយការធ្វើជាកសិដ្ឋានបន្លែចម្រុះ និងស្រូវសម្រាប់បង្ហាញជូនដល់បណ្តាភ្ញៀវទេសចរអន្តរជាតិ។ ក្រៅពីនេះ នៅមានកាសាងសង់ជាផ្ទះសំណាក់លំហែរកាយ កម្រិតផ្កាយ៥សម្រាប់ទទួលស្វាគមន៍បណ្តាភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកពីគ្រប់ប្រទេសនៅលើពិភពលោក។
លោកជំទាវឧកញ៉ាឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា “វាជាសញ្ញាល្អមែនទែនសំរាប់ខេត្តកំពង់ស្ពឺ និងប្រទេសជាតិទាំងមូល ព្រោះគម្រោងវិនិយោគដែលមានទុនធំបែបនេះ ពិបាករកណាស់។ លោកស្រីបន្តថា “គំរោងវិនិយោគ វិស័យទេសចរណ៍ចូលទៅកាន់ខេត្តកំពង់ស្ពឺ ក៏ជាខេត្តសម្បូរធនធានធម្មជាតិ ដែលមានសក្តានុពលសំរាប់វិស័យទេសចរណ៍ផងដែរ។ យើងត្រូវការអ្នកវិនិយោគបែបនេះ ព្រោះគំរោងធំបែបនេះអ្នកវិនិយោគនឹងខិតខំផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា ដើម្បីចូលទៅទស្សនាគំរោងរបស់ពួកគេផងដែរ”៕