
ភ្នំពេញ៖ រយៈពេល ៧ ឆ្នាំ បន្ទាប់ពីបើកដំណើរនៅកម្ពុជា កាលខែធ្នូ ឆ្នាំ ២០១១ ដើមទុនរបស់ ធនាគារអឹមប៊ី នៅកម្ពុជា បានកើនឡើងដល់ ៨៥ លានដុល្លារអាមេរិក និងទ្រព្យសម្បត្តិសរុប ១៦៨ លានដុល្លារ ខណៈដើមទុនដំបូងមានត្រឹមតែ ៣៩ ប៉ុណ្ណោះ។ នេះ បើតាមការឲ្យដឹងពី លោក ជីញ ឌឹគ គឿង នាយកធនាគារ អឹមប៊ី ភីអិលស៊ី ក្នុងពិធីបើកការិយាល័យថ្មី និងការិយាល័យរងទី១ កាលពីព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។
នាយកធនាគារ អឹមប៊ី ភីអិលស៊ី បញ្ជាក់ថា ធនាគារ អឹមបី កម្ពុជា បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ដោយមានដើមទុនដំបូង ចំនួន ៣៩ លានដុល្លារអាមេរិក ហើយក្នុងរយៈ ពេលជាង ៧ ឆ្នាំមកនេះ បានឈានដល់ ៨៥ លានដុល្លារអាមេរិក និងទ្រព្យសម្បត្តិសរុប១៦៨លាន ដុល្លារ។
លោក បន្តថា សម្រាប់ការបើកការិយាល័យថ្មី និងការិយាល័យរងទី១ ខាងលើនេះ ក៏ជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការពង្រីក អាជីវកម្ម របស់ធនាគារអឹមប៊ី កម្ពុជា និងក៏ជា ជំហានដ៏សំខាន់មួយ ដែលត្រូវបានអនុវត្ត ដោយធនាគារ អឹមប៊ី កម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង អំពីយីហោរបស់ខ្លួន និងដើម្បីបម្រើឱ្យតម្រូវការអតិថិជនក្នុង ស្រុកកាន់តែប្រសើរឡើង។ ជាងនេះទៀត សាខាថ្មីនេះ អាចទាញយកអត្ថប្រយោជន៍ពីទីតាំងដ៏ល្អរបស់ខ្លួន ដើម្បីជំរុញភាពមើល ឃើញរបស់ខ្លួន ក្នុងចំណោមសហគមន៍មូលដ្ឋាន។
ឯ.ឧ ជា ចាន់តូ បានចាត់ទុក ការបើកការិយាល័យកណ្តាលថ្មី និងសាខារងទី១អូឬស្សី របស់ ធនាគារ អឹមប៊ី ភីអិលស៊ី សាខាកម្ពុជានេះ ឆ្លុះបញ្ចាំងឱ្យឃើញ ពីភាពរីកចម្រើន របស់ធនាគារ ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបសំណូមពរថ្មីៗ របស់អតិថិជន និងការវិវត្តន៍តឈប់ឈរ នៃប្រពន្ធ័ធនាគារ ក៏ដូចជាដើម្បី បំពេញបទបញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជាផងដែរ។ ការណ៍នេះអាចនិយាយថា វត្តមាននៃធនាគារ អឹមបី ភីអិលស៊ី សាខាកម្ពុជា បានបង្ហាញពីទំនុកចិត្ត របស់វិនិយោគិនវៀតណាម មកលើប្រទេស កម្ពុជា និងការពង្រីកចំណងមិត្តភាពជិតស្និត រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រ កម្ពុជា៕