
កំពត៖ ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី បានបោះទុនរួមគ្នាបង្កើតក្រុមហ៊ុន ហ្គ្រេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក លើទុនវិនិយោគជាង ១ លានដុល្លារ ដើម្បីបើកកសិដ្ឋានចិញ្ចឹមបង្គា ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសចិញ្ចឹមក្នុងអាងផ្លាស្ទិច ស្ថិតនៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ខណៈមន្ត្រីជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្ថែមទុនវិនិយោគ។
លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋាន បានយកបច្ចេកវិទ្យាពីប្រទេសចិន ដើម្បីសាងសង់ទីតាំងចិញ្ចឹម ការផ្តល់ចំណី ការគ្រប់គ្រង ការប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។ ក្នុងនោះ ក្រុមហ៊ុនបានធ្វើអាងចិញ្ចឹមបង្គាចំនួន ៣៤អាង ចិញ្ចឹមក្នុងរយៈ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី ៣០ ទៅ ៣៥ក្បាល ក្នុង១គីឡូក្រាម ហើយទទួលបានតម្លៃពី ៤ ម៉ឺនទៅ ៥ ម៉ឺនរៀល ក្នុង១គីឡូក្រាម។
លោកបន្តថា គិតមកត្រឹមពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគចំនួនជាង ១លានដុល្លារហើយ ដោយគិតរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗសម្រាប់អភិវឌ្ឍកសិដ្ឋាន។ អាជីវកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាល សាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម -ល-។ «ពេលខាងមុខនេះ ក្រុមហ៊ុនមានផែនការពង្រីកការចិញ្ចឹម ក្នុងដំណាក់កាលបន្តបន្ទាប់ចំនួន ៣២រោង លើផ្ទៃដី ៣២ហិកតា ស្ថិតនៅទល់មុខកសិដ្ឋាននេះតែម្ដង។
លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមជាចលករក្នុងការជំរុញកំណើរភោគផល ចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូលពីបរទេស។
លោកបញ្ជាក់ថា ការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។ ជាពិសេសចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម»៕