
ភ្នំពេញ៖ ម្សិលមិញនេះ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ហិរញ្ញប្បទានឥតសំណងគិតជាទឹកប្រាក់ប្រមាណ ៩,៦៦០,០០០ យន់ (ស្មើ ១,៣៥៧,០០០ដុល្លារ) ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជួយដល់ពលរដ្ឋក្នុងខេត្តចំនួន ៧ សម្រាប់រយៈពេល ៣ ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានឲ្យដឹងថា ថ្ងៃទី ១០កញ្ញានេះថា សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាឡជីវឧស្ម័នជូន មកកម្ពុជាចំនួន ១,៥០០ឡ រថយន្ត ៣ គ្រឿង ម៉ូតូ ១៤ គ្រឿង ម៉ាស៊ីនភ្លើង ៧ គ្រឿង ម៉ាស៊ីនបូមទឹក ៧ គ្រឿង និងសម្ភារៈការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩,៦៦០,០០០ យន់ (ស្មើ ១,៣៥៧,០០០ដុល្លារ)។
លោកបន្តថា សម្រាប់ជំនួយទាំងអស់នោះ ត្រូវបែងចែកទៅខេត្តគោលដៅចំនួន ៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិសាត់ ២០០ឡ និងខេត្តព្រះវិហារ ២០០ឡ សម្រាប់រយៈពេល ៣ ឆ្នាំ។
គម្រោងសាងសង់ឡជីវឧស្ម័ន ១,៥០០ឡ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងរដ្ឋាភិបាលទាំងពីរសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៣- ២០១៧ កន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមទៀតថា ឡជីវឧស្ម័នបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករជាអាទិ៍ សំណល់ឡជាជីធម្មជាតិមានគុណភាពល្អសម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋានមានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័នដែលទាញយកពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គីសនីប្រើប្រាស់ក្នុងលំនៅឋានបានយ៉ាងល្អ និងជួយសន្សំប្រាក់ក្នុងគ្រួសារកសិករបានយ៉ាងមានប្រសិទ្ធភាព។
ហេតុផលទាំងអស់នេះហើយ លោករដ្ឋមន្ត្រីបានស្នើដល់អង្គភាពជំនាញក៏ដូចជាមន្ត្រីអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់សហការល្អជាមួយភាគីចិន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តគម្រោងនេះ ដោយរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ចំទិសដៅ ឆ្ពោះទៅរកភាពជោគជ័យតាមផែនការដែលបានគ្រោងទុកដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងភារកិច្ចផ្សេងៗទៀតក្នុងស្មារតីស្ថាបនា នវានុវត្តន៍ និងទទួលខុសត្រូវខ្ពស់។
ក្រៅពីគម្រោងឡជីវឧស្ម័ន លោករដ្ឋមន្ត្រីបានរំលឹកអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបានក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរទៅតាមអនុវិស័យនីមួយៗមានជាអាទិ៍ ផ្នែកជំនាញកសិកម្ម ផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ជាមួយ AQSIQ ផ្នែកផលិតកម្មបសុព្យាបាល ផ្នែកព្រៃឈើ ការធ្វើទំនើបភាវូបនីយកម្មនៃកសិឧស្សាហកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍឧស្សាហូបនីយកម្ម ជលផល ការអភិវឌ្ឍធនធានមនុស្ស ទស្សនកិច្ចសិក្សា ការផ្តល់សម្ភារឧបករណ៍ផ្សេងៗ ការសាងសង់មន្ទីរពិសោធន៍នៅសាលាជាតិកសិកម្មព្រែកលៀបជាដើម។
ដោយឡែក ចំពោះការងារសុខភាពសត្វ និងផលិតកម្មសត្វ សាធារណរដ្ឋប្រជាមានិតចិនបានជួយលើការសាងសង់ឡជីវឧស្ម័ន៣លើករួចមកហើយដែលបានចាប់ ផ្តើមតាំងពីឆ្នាំ២០០៤ កន្លងមកម្ល៉េះ ព្រមទាំងបានបង្កើតស្ថានីយចិញ្ចឹមជ្រូកបង្ហាញកម្ពុជា-ចិន និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាធាតុចូលដ៏សំខាន់ក្នុងការរួម ចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ នេះ៕