
បរទេស៖ រយៈពេលជាង ២ ទសវត្ស បន្ទាប់ពីធ្វើការដឹកនាំក្រុមហ៊ុន Alibaba Group Holding Ltd ចាប់តាំង ពីឆ្នាំ ១៩៩៩ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក Jack Ma បានសម្រេចលាលែងពីតំណែងនាយកគ្រប់គ្រងក្រុមហ៊ុនហើយ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកធ្លាប់បាននិយាយកាលពីប៉ុន្មានឆ្នាំមុន។
លោក Ma ធ្លាប់បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិថា ពេលឈានចូលអាយុ ៥៥ ឆ្នាំ លោកនឹងលាលែងពីតំណែង ដើម្បីចូលនិចូលនិវត្តន៍ទៅរស់នៅក្នុងជីវិតមួយ ដើម្បីសោយសុខនឹងអ្វីដែលលោកអ្នកខំរកកន្លងមក។ អតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នេះ បានចុះចេញពីតំណែងភ្លាមៗ ក្នុងខួប ៥៥ ឆ្នាំ និងបន្ទាប់ពីបានប្រមូលទ្រព្យសម្បត្តិបាន ៤១,៨ ពាន់លានដុល្លារ ហើយបានផ្ទេរតំណែងទៅឲ្យលោក Daniel Zhang ដែលជាអ្នកជំនាញខាងហិរញ្ញវត្ថុ ហើយគេអាចចាត់ទុកថាជាព្រឹត្តិការណ៍ផ្លាស់ប្តូរដ៏ធំមួយនៅក្នុងក្រុមហ៊ុនដែលធំបំផុតរបស់ទ្វីបអាស៊ី។
រយៈពេល ២០ ឆ្នាំមកនេះ លោក Ma និងក្រុមសហស្ថាបនិករបស់លោកបានបង្កើតទីផ្សារពាណិជ្ជកម្មមួយឲ្យមានតម្លៃសរុប ៤៦០ ពាន់លានដុល្លារ និងគ្រប់គ្រងលើពាណិជ្ជកម្មកុំព្យូទ័រធំបំផុតមួយរបស់ពិភពលោក ព្រមទាំងគ្រប់គ្រងបណ្តាញដឹកទំនិញដែលជញ្ចូនកញ្ចប់ទំនិញរាប់លានកញ្ចប់រាល់ថ្ងៃ។ ក្នុងឆ្នាំ ២០១៦ លោក Ma បានក្លាយជាកំពូលអ្នកមានរបស់ទ្វីបអាស៊ី ប៉ុន្តែពេលនេះតំណែងជាកំពូលអ្នកមាននៅទ្វីបអាស៊ីនេះស្ថិតនៅលើដៃរបស់លោកប្រធាន Ambati នៃក្រុមហ៊ុន Reliance Industries Ltd. ដែលមានទ្រព្យ ៤៧,៤ពាន់លានដុល្លារ។
សព្វថ្ងៃលោក Ma មានចំណែកហ៊ុន ៥,៣% ដែលមានតម្លៃស្មើនឹង ២៤,៦ ពាន់លានដុល្លារនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Alibaba។ តាំងពីកាន់តំណែងជាប្រធានប្រតិបត្តិក្នុងឆ្នាំ ២០១៣ មក ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba បានកើនឡើងយ៉ាងខ្ពស់ប្រហែល ១១០០%៕