
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ចំណូលពីការប្រមូលពន្ធ-អាករ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ ២០១៩ នេះ មានការកើនឡើង ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារប្រមូលចំណូលពន្ធប្រចាំខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធ-អាករក្នុងរយៈពេល ៨ខែ មានការកើនឡើង បន្ទាប់ពីការមានគ្រប់គ្រងដោយប្រសិទ្ធភាព។ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ប្រមូលបានមានប្រមាណជិត ២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨៥.៣៣ ភាគរយ នៃផែនការប្រចាំឆ្នាំ។
ឯកឧត្តម ថា«ចំណូលដែលប្រមូលបាននេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៨ មានការកើនឡើងជិត៣០ភាគរយ ត្រូវជាប្រមាណជា៤៤៩លានដុល្លារ។»
កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេច បាននូវនវានុវត្តន៍ប្រកបដោយនិរន្តរភាព បន្ទាប់ពីការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការទ្វើទំនើបកម្មពន្ធដារ តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ ៕