
ភ្នំពេញ: អគ្គនាយកក្រុមហ៊ុន ផេនីនសូឡា កាពីថល (Peninsula Capital Co.,ltd) លោកស្រី តឹង វិនហ្វាង (Deng Wenfang) បានអះអាងថា ច្បារអំពៅ គឺជាតំបន់មួយដែលមានសក្តានុពលខ្លាំងជាងតំបន់ផ្សេងៗទៀត ដោយមានទីតាំងនៅដាច់ពីចំណុចកណ្តាលនៃទីក្រុង និងមានដីទំនេរជាច្រើនសម្រាប់អភិវឌ្ឍន៍ ពិសេសអាចនឹងក្លាយជាទីក្រុងរណបថ្មីមួយទៀតរបស់រាជធានីភ្នំពេញនាពេលអនាគត។
ការថ្លែងនេះ ធ្វើឡើងក្នុងបទបង្ហាញមួយស្ដីពី «អំពីការអភិវឌ្ឍន៍ ទីក្រុងភ្នំពេញ ឆ្នាំ២០៣០» ដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនវិនិយោគចិន-ខ្មែរ, សមាគមសំណង់ ២០៣០, សហព័ន្ធក្រុមហ៊ុនអន្តរជាតិ ហុងកុង MINGDA, ក្រុមហ៊ុនផេនីនសូឡាកាភី ថល, ក្រុមហ៊ុន TPH និងក្រុមហ៊ុន KGP នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥កញ្ញា នេះ។
លោកស្រី តឹង វិនហ្វាង (Deng Wenfang) អគ្គនាយកក្រុមហ៊ុន ផេនីនសូឡា កាពីថល (Peninsula Capital Co.,ltd) បានថ្លែងថា សង្កាត់ច្បាអំពៅ គឺជាតំបន់មួយដែលមានសក្តានុពលខ្លាំងជាងតំបន់ផ្សេងៗទៀត ដោយសារមានទីតាំង ស្ថិតនៅដាច់ពីចំណុចកណ្តាលនៃទីក្រុង ហើយដែលមានដីទំនេរជាច្រើនសម្រាប់អភិវឌ្ឍន៍។ ពិសេសដងទន្លេមេគង្គក្រោមដ៏ស្រស់ត្រកាល ហើយអាចនឹងក្លាយជាទីក្រុងរណបថ្មីមួយទៀតរបស់រាជធានីភ្នំពេញនាពេលអនាគត។
លោកស្រីបន្តថា នេះជាហេតុផលដែលក្រុមហ៊ុន ផេនីនសូឡា កាពីថល សម្រេចជ្រើសរើសយកតំបន់កោះនរាហ៍ក្នុងសង្កាត់និរោធរបស់ខណ្ឌច្បារអំពៅសម្រាប់អភិវឌ្ឍន៍។ ការអភិវឌ្ឍន៍នៅតំបន់ភាគខាងកើត និងខាងត្បូងនៃទីក្រុងភ្នំពេញ គឺមានសក្តានុពលដ៏ធំធេងប្រកបដោយស្ថេរភាព និងស្របទៅតាមការវិវត្តន៍នៃនគរូបនីយកម្មរបស់រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកស្រីបានទុនវិនិយោគប្រមាណ ១០០ លានដុល្លាសហរដ្ឋអាមេរិច ដើម្បីបង្កើតគម្រោងអាគារមួយដែលមានកំពស់ ១៤៥ម៉ែត្រ នៅលើផ្ទៃក្រឡា ៥៧០០០ម៉ែត្រការ៉េ ដោយដាក់ឈ្មោះថា គម្រោង Vue Aston ដែលត្រូវវិនិយោគនៅតំបន់កោះនរាហ៍នេះ ហើយចាប់ដំណើរការសាងសង់ និងបើកលក់ជាផ្លូវការនាចុងឆ្នាំ២០១៩នេះ។
តាមគម្រោងគ្រោងបញ្ចប់ និងលេចចេញជារូបរាងនាឆ្នាំ ២០២២ ដែលមាន ៨៩៥ យូនីតមានកំពស់១៤៥ម៉ែត្រ។
លោក ប៉ែន សោភា តំណាងនាយកដ្ឋានរៀបចំដែនដី និងនគររូបនីយកម្មសំណង់បានបញ្ជាក់ថា ច្បារអំពៅ គឺជាខណ្ឌមួយដែលស្ថិតក្នុងផ្លូវក្រវាត់ក្រុងខ្សែទី១ ហើយក៏ជាតំបន់ដែលមានដីទំហំធំនៅទំនេរច្រើន ដែលអាចធ្វើការអភិវឌ្ឍន៍ ហើយក៏ជាតំបន់ដែលស្ថិតនៅតាមបណ្តោយដងទន្លេ ដែលមានទេសភាពយ៉ាងស្រស់ និងមានសក្តានុពលខ្ពស់នៅថ្ងៃអនាគត ខណៈទីក្រុងភ្នំពេញ ត្រូវបានរំពឹងទុកថា នឹងក្លាយជាតំបន់សេដ្ឋកិច្ចស្នូលមួយនៃតំបន់ភាគកណ្តាល និងភាគបូព៌ានៃឧបទ្វីបអាស៊ី៕