
បាត់ដំបង៖ ក្រសួងបរិស្ថាន នៅថ្ងៃទី ១៧កញ្ញានេះ ហាមមិនឲ្យពលរដ្ឋ និងអតិថិជនទិញ-លក់ដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង ទ្រី ដែលមានទំហំផ្ទៃដី ៤៩.៦០០ ម៉ែត្រការ៉េ ដែលមានទីតាំងនៅភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ព្រោះវាតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ១៧កញ្ញានេះបានឲ្យដឹងថា កន្លងមកថ្មីៗនេះមានការប្រកាសផ្សព្វផ្សាយការរៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង ទ្រី ដែលមានទំហំផ្ទៃដី ៤៩.៦០០ ម៉ែត្រការ៉េ ស្ថិតនៅទីតាំងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩។
យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីតំបន់ការពារធម្មជាតិ គឺជាដីសាធារណៈរបស់រដ្ឋ ដែលមិនអនុញ្ញាតឲ្យមានការកាប់ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចស្ថិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ក្រសួងបរិស្ថានបានណែនាំថា ដើម្បីជៀសវាងហានីភ័យជាយថាហេតុដែលបង្គឡើងដោយជនខិលខូច មុននឹងធ្វើការសម្រេចចិត្តទិញដីខាងលើនេះ សូមសាធារណៈជន យល់ដឹងពីព័ត៌មានសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ស្គាល់ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូតិ៍លក់ ឬជារបស់អ្នករផ្សេង)។
លិខិតបន្តថា វិញ្ញាបនប័ត្រសម្រាប់ម្ចាស់អចលនទ្រព្យ (ជាប់បន្ទុក ឬអត់) លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ អង្គកាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក/ឱក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ឯកសារបង់ពន្ធអចលនវត្ថុ បំបែកក្បាល និងខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
ក្នុងន័យនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលសាលាខេត្តបាត់ដំបង កំពុងរៀបចំចាត់វិធានការ ចំពោះជនដែលរៀបចំឲ្យមានតំបន់អភិវឌ្ឍ ឡុង ក្នុងទំហំផ្ទៃដីសរុប ៨៩.៦០០ម៉ែត្រការ៉េ តាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន និងសូមអំពាវនាវដល់សាធារណៈជនកុំចូលរួមទិញ ឬទទួលយកចំណែកដីឡូត៍ខាងលើនេះជាដាច់ខាត។
ទាក់ទងការប្រមាននេះ The Plus News មិនទាន់អាចស្វែងរកប្រភពម្ចាស់គម្រោងដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង ទ្រី នៅក្នុងស្រុកសំឡូតនោះ ដើម្បីសុំការបញ្ជាក់ជុំវិញការលើកឡើងរបស់ក្រសួងបរិស្ថាននេះបានទេ៕