
តាមរយៈព័ត៌មានដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ពលរដ្ឋវ៉េណេស៊ុយអេឡាជាង ២ លាននាក់រត់ចោលស្រុកទៅច្រោកកោននៅប្រទេសជិតខាត ខណៈដែលអតិផរណា បានហក់ឡើងកប់ពពក មិនអាចកាន់ប្រាក់ របស់ខ្លួនទៅទីផ្សារបានទេ ដើម្បីទិញម្ហូបគឺ សូម្បីតែមាន់ ១ក្បាល តម្លៃបានឡើងដល់ ១៤លានបូលីវ៉ា ទៅហើយ ដែលស្មើប្រមាណជាង ៥៦ដុល្លារ។
ការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា ក្រោយប្រទេស វ៉េណេស៊ុយអេឡា ត្រូវធ្លាក់ទៅក្នុងដៃលោក Nicolás Maduro ដែលនាំឲ្យប្រជាប្រិយភាព ជាង៨០ភាគរយ ធ្លាក់មកត្រឹមជាង២០ភាគ។ នៅឆ្នាំ២០១៦ ពលរដ្ឋនិងបក្សប្រឆាំង នាំគ្នាធ្វើបាតុកម្ម ទាមទារបណ្តេញរូបលោកចុះចេញពីតំណែង តែលោកនៅក្រាញអំណាច។ ហើយរដ្ឋអំណាចរបស់លោក បានប្រើហិង្សាប្រឆាំងបាតុករ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។
ប្រទេសបច្ចិមលោក និងជាពិសេសអាមេរិក បានពួតដៃគ្នា ដាក់ទណ្ឌកម្មវ៉េណេស៊ុយអេឡា។ អាមេរិក បានធ្វើយ៉ាងខ្លាំងដៃ ដោយបិទខ្ទប់ការនាំចូលប្រេងពីប្រទេសនេះ ដែលជាហេតុបណ្តាលឲ្យសេដ្ឋកិច្ចវ៉េណេស៊ុយអេឡា ប្រទះនឹងវិបត្តិធ្ងន់ធ្ងរ។ ប្រេងដែលធ្លាប់តែបូមបាន ជាង៣លាន២សែនបារិល នៅឆ្នាំ២០០៨ គឺធ្លាក់ជាងពាក់កណ្តាល ដោយបូមលក់ចេញបានតែជាង១លានបារិលតែប៉ុណ្ណោះ កាលពីខែកកក្កដា ខែមុននេះ។ ជាហេតុធ្វើឲ្យរដ្ឋាភិបាល ខ្លះលុយផ្គត់ផ្គង់សេវាសង្គមកិច្ច និងវិស័យសាធារណៈផ្សេងៗ។
បន្ថែមលើនេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានហុំព័ទ្ធសេដ្ឋកិច្ច ដោយបង្កកប្រាក់ក្រុមហ៊ុន និងអ្នកជំនួញ មន្ដ្រីរដ្ឋការ ជាន់ខ្ពស់របស់ប្រទេសនេះទៀតផង។ សហរដ្ឋអាមេរិក បានព្រមានថា នឹងបិទការបញ្ជាទិញប្រេង ពីប្រទេស វេណេហ្សូអេឡា ប្រសិនបើលោក នីកូឡា ម៉ាឌូរ៉ូ មិនធ្វើឲ្យមានការបោះឆ្នោតឡើងវិញ៕