
ភ្នំពេញ៖ សមាជិកនៃក្រុមប្រឹក្សាការងារបានបោះឆ្នោតសម្រេចកំណត់យក ១៨៧ដុល្លារប្រាក់សម្រាប់ប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ ២០២០ ខណៈសម្តេច ហ៊ុន សែន បានសម្រចបន្ថែម ៣ដុល្លារ ពីលើតួលេខបោះឆ្នោតនេះទៀត ដោយកើនដល់ ១៩០ដុល្លារអាមេរិកក្នុងមួយខែ។
ការប្រកាសនេះ បន្ទាប់ពីគណៈកម្មការប្រឹក្សាការងារដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២០ ខែកញ្ញានេះ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ។
ក្រោយពីបង្ហាញតួលេខនេះ សម្តេច ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឲ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះ។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។ ការដាក់ចេញគោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។
ក្រសួងបន្តថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០២០នេះ មានការកើនឡើង ៨ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ដែលប្រាក់ឈ្នួលរបស់កម្មករមានត្រឹម ១៨២ដុល្លារប៉ុណ្ណោះ៕