អគារអគ្គនាយកដ្ឋានពន្ធដារថ្មីកម្ពស់៣២ជាន់ តម្លៃ៦០លានដុល្លារចាប់ផ្តើមបុកគ្រឹះសាងសង់នៅជ្រោយចង្វារ

ភ្នំពេញ៖ អគារថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារមានកម្ពស់៣២ជាន់ ដែលសាងសង់លើផ្ទៃដីក្រឡាសាងសង់សរុប ៩៧,៧០០ម៉ែត្រក្រឡា នៅតំបន់អភិវឌ្ឍជ្រោយចង្វារ (OCIC)ស្ថិតនៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានប្រកាសបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការ នៅថ្ងៃទី១៩ ខែកញ្ញានេះ ដោយប្រើពេលវេលាសាងសង់ប្រមាណ២៤ខែ។

ពិធីនោះមានការចូលរួមរបស់អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុវិនិយោគ ទុនអណិកជនកម្ពុជា (OCIC) លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងឧកញ៉ាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសហគ្រិនផ្នែកអចលនវត្ថុជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា អគារថ្មីនេះមានកម្ពស់ ៣២ជាន់ ដែលសាង សង់លើផ្ទៃដីក្រឡាសាងសង់សរុប ៩៧,៧០០ម៉ែត្រក្រឡា ដែលមានឈ្មោះថា TAX TOWER ។ វានឹងចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព និងក្លាយជាតាំងនិមិត្តរូប (Landmark) នៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាផង ហើយក៏ជានិមិត្តរូបនៃភាពរីកចម្រើនជឿនលឿននៃឃឿនសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារបានគិតគូរទាំងការបំពេញលទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលពន្ធ ក៏ដូចជាការផ្តល់សេវា ជូនដល់អ្នកជាប់ពន្ធឲ្យបានកាន់តែឆាប់រហ័ស ដែលតម្រូវឲ្យមានការជ្រើសរើសមន្ត្រីរាជការពន្ធដារបន្ថែម និងការរៀបចំទីតាំងការិយាល័យបំពេញការងារដែលបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ព្រមទាំងមានទីតាំងចំណតរថយន្តប្រមាណជាង ១,៣០០ចំណត សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។

លោកបន្តថា គម្រោងដ៏សំខាន់នេះ ត្រូវបានគូសប្លង់ស្ថាបត្យកម្មដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងមានក្រុមហ៊ុន Oliver & Ho Association ជាទីប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោង ដោយសហការសាងសង់ដោយក្រុមហ៊ុនសៀងហៃ ខនស្រ្តាកសិន គ្រុប ឯក (Shanghai Construction Group) ក្នុងដោយផ្តើមចេញពីដំណាក់កាលការងារគ្រឹះអគារ ហើយគម្រោងនេះ នឹងប្រើពេលវេលាសាងសង់ប្រមាណ២៤ខែ៕