
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍គ្រោងនឹងបំពាក់ភ្លើងបំភ្លឺនៅតាមប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀត ដើម្បីឲ្យភ្ញៀវទេសចរចូលទៅទស្សនានៅពេលរាត្រី ដោយគម្រោងនេះ ត្រូវបានដាក់ឈ្មោះថា Angkor Night ដែលស្នើឡើងតាមរយៈគណៈកម្មការអន្តរក្រសួង។
ការង្ហាញគម្រោងនេះ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងនៅខេត្តសៀមរាបកាលពីសប្ដាហ៍នេះ ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរបរទេសមកកាន់ដែនដីវប្បធម៌-ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាឡើងវិញ ក្រោយពីគេរកឃើញថា មានការធ្លាក់ចុះក្នុងរយៈពេល៨ខែ ជាប់ៗគ្នាក្នុងឆ្នាំ២០១៩នេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត ដើម្បីរិះរកដំណោះស្រាយបញ្ហាចំពោះមុខ និងរៀបចំផែនការមេអភិវឌ្ឍន៍រយៈពេលវែងលើគោលដៅទេសចរណ៍សៀមរាប-អង្គរ។
លោក អាំង សុវណ្ណរ័ត្ន អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា Angkor Night គឺក្នុងគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាង២០ សម្រាប់ដាក់បញ្ចូលក្នុងផែនការចំពោះមុខរយៈពេលខ្លី ដើម្បីដោះស្រាយបន្ទាន់នូវបញ្ហាថមថយនៃចំនួនភ្ញៀវមកលេងខេត្តសៀមរាប និងទាក់ទាញសកម្មភាពទេសចរណ៍ពេលរាត្រីនៅតំបន់ប្រាសាទ។
លោកបន្តថា៖«យើងស្នើឲ្យមានការសិក្សាគិតគូគ្នាមើលទៅថា អាចគិតគូម៉េច ដើម្បីឲ្យមានជាសកម្មភាពសម្រាប់ឲ្យភ្ញៀវនៅពេលយប់ដែរ នៅក្នុងតំបន់ប្រាសាទមួយចំនួន ប៉ុន្តែចាំបាច់យើងត្រូវគិតគូទៅលើសុវត្ថិភាពដែរ ទាំងសុវត្ថិភាពភ្ញៀវទាំងសុវត្ថិភាពប្រាសាទផ្ទាល់»។
លោក សុវណ្ណរ័ត្ន បញ្ជាក់ថា សម្រាប់ផែនការដំណោះស្រាយចំពោះមុខ ខាងគណៈកម្មការអន្តរក្រសួងនឹងដាក់ចេញឲ្យបាននៅបំណាច់ឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ចំណែកផែនការមេរយៈពេលវែង ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកលេងខេត្តសៀមរាប-អង្គរ គឺគ្រោងនឹងសម្រេចឲ្យបាននៅមុខឆ្នាំ ២០៣៥។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជាបានសាទរចំពោះគំនិតផ្តួចផ្តើមរបស់គណៈកម្មការអន្តរក្រសួង ដោយលោកស្រីយល់ឃើញថា ភ្ញៀវទេសចរណ៍ចេញដើរក្រៅប្រទេសតែងចង់ដើរកម្សាន្តទាំងពេលថ្ងៃនិងពេលយប់ ហើយខេត្តសៀមរាបកំពុងខ្វះគោលដៅទេសចរណ៍ពេលរាត្រី។
លោកស្រីបន្ថែមថា ក្រសួងទេសចរណ៍គួររៀបចំឲ្យមានកន្លែងដែលភ្ញៀវអាចដើរកម្សាន្តដោយខ្លួនឯង ដោយមិនព្រួយបារម្ភពីសុវត្ថភាព ចរាចរ និងធ្វើយ៉ាងណាជំរុញឲ្យមានការបង្កើនគុណភាពផលិតផលវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។
តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលគ្រប់គ្រងលើការលក់សំបុត្រចូលទស្សនាតំបន់អង្គរបានបង្ហាញថា ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរ នៅចន្លោះខែមករាដល់ខែសីហាមានចំនួន ១លាន ៥៥ម៉ឺននាក់ បានធ្លាក់ចុះប្រហែល ១១ភាគរយ បើធៀបរយៈពេលដដែល នៅឆ្នាំ២០១៨ហើយចំណូលពីការលក់សំបុត្រ ធ្លាក់ចុះអស់ជិត ១២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕