
ភ្នំពេញ៖ គិតត្រឹមខែសីហា ឆ្នាំ ២០១៩ នេះ គម្រោងសាងសង់លំនៅឋាន និងភូមិគ្រឹះ បានក្លាយជាគម្រោងដែលមានភាពលេចធ្លោជាងគេនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ បានថ្លែងប្រាប់កាលពីក្នុងកម្មវិធីពិព័រណ៍វិស័យអគារ សំណង់ និងឧស្សាហកម្មផ្នែកមេខនិច និងអេឡិចត្រូនិចខ្នាតអន្តរជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ ថ្លែងថា នៅក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុងតំបន់រាជធានី ក្រុង និងទីប្រជុំជន ក្នុងនោះគម្រោងសាងសង់លំនៅឋាន និងភូមិគ្រឹះ រួមជាមួយសំណង់លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម កំពុងសាងសង់លេចធ្លោជាងគេ លើគម្រោងផ្សេងៗ។
លោកបន្តថា ជុំវិញការអភិវឌ្ឍវិស័យសំណង់នេះ មានសំណើរសុំសាងសង់ផ្សេងៗពីគ្នាដោយ គម្រោង ការសាងសង់លំនៅឋាន និងភូមិគ្រឹះមានជាង ២ ពាន់គម្រោង, សំណង់ឧស្សាហកម្ម ១៣៨ គម្រោង, សំណង់ពាណិជ្ជកម្ម ១៧៦ គម្រោង, សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមានចំនួន ១៨គម្រោងផងដែរ រួមជាមួយសំណង់សាធារណៈមានប្រមាណ ៥៦ គម្រោង, ការប្រើប្រាស់ថវិការាជរដ្ឋាភិបាលមាន ១៨ គម្រោង, ថវិកាវិស័យឯកជន ៣៦ បច្ចុប្បន្ន។
ក្នុងនោះ បើគិតមកដល់ត្រឹម ខែសីហា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើរសុំសាងសង់ សរុបទូទាំងប្រទេស មានចំនួនប្រមាណ ៣១៧៥ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះសរុប ៥៩៨៦ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ១២,២ លានម៉ែត្រការ៉េ៕