
ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឲ្យក្រុមហ៊ុនឧស្សាហកម្ម INKA (Indonesian Railway Industry) ដែលជាក្រុមហ៊ុនឧស្សាហកម្មផ្លូវដែករដ្ឋដ៏ធំរបស់សាធារណរដ្ឋឥណ្ឌនេស៊ី មកវិនិយោគបម្រើសេវាកម្មផ្នែកផ្លូវដែកនៅកម្ពុជា ដោយភាគីក្រុមហ៊ុនកំពុងសិក្សាពីលទ្ធភាព។
ការបង្ហាញនេះ ក្នុងជំនួបពិភាក្សាការងាររបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនរដ្ឋធំៗ របស់ឥណ្ឌូនេស៊ី ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល ៤ថ្ងៃនៅសាធារណរដ្ឋឥណ្ឌូនេស៊ី។
លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកបានស្នើឲ្យក្រុមហ៊ុនឧស្សាហកម្មផ្លូវដែកឥណ្ឌូនេស៊ី មកជួបពិភាក្សាជាមួយស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា។ លើសពីនេះ លោកបានចាប់អារម្មណ៍ចំពោះទំនើបកម្ម និងសេវាកម្មដ៏ល្អរបស់កំពង់ផែ PAL Indonesia និងស្នើឲ្យភាគីឥណ្ឌូនេស៊ីពិភាក្សាជាមួយកំពង់ផែកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែរវាងភាគីទាំងពីរ។
លោកបន្តថា ការអភិវឌ្ឍវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពមួយនៅក្នុងវិស័យអាទិភាពចម្បងៗ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើភាគីឥណ្ឌូនេស៊ី ក៏ដូចជាក្រុមហ៊ុនដែលមានទីតាំងនៅក្នុងទីក្រុងនេះ ពិនិត្យលទ្ធភាពធ្វើកិច្ចហប្រតិបត្តិការ និងវិនិយោគនៅកម្ពុជា។
តបតាមអនុសាសន៍នេះ តំណាងប្រធានក្រុមហ៊ុនឧស្សាហកម្ម INKA (Indonesian Railway Industry) បានថ្លែងថា លោកនឹងបញ្ជូនគណៈប្រតិភូមកពិនិត្យលទ្ធភាពពង្រីកកិច្ចហប្រតិបត្តិការលើវិស័យផ្លូវដែកនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីស្វែងយល់ពីការវិនិយោគ និងដកស្រង់បទពិសោធន៍នានាថែមទៀត។
គួររំឭកថា ក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មទំនិញសរុបរវាងប្រទេសទាំងពីរមានតែ ៥៥៨ លានដុល្លារអាមេរិក មានការកើនឡើងចំនួន ៣ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ីមានតែ ៣៣ លានដុល្លារអាមេរិក និងនាំចូលពីឥណ្ឌូនេស៊ីចំនួន ៥២៥ លានដុល្លារអាមេរិក៕