
ភ្នំពេញ៖ តាមតួលេខដែលចេញផ្សាយដោយគេហទំព័រ World’s Top Exports ឬហៅកាត់ថា (WTEx) ដែលស្រាវជ្រាវអំពីការនាំចេញខ្សាច់របស់ប្រទេសនៅជុំវិញពិភពលោក បានបង្ហាញកាលពីពេលថ្មីៗនេះថា ក្នុងចំណោមប្រទេសចំនួន ១៥ដែលនាំចេញខ្សាច់ច្រើនជាងគេបង្អស់ក្នុងពិភពលោក គឺប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៧ នាំមុខប្រទេសមួយចំនួនមកពីតំបន់អឺរ៉ុប និងអាហ្វ្រិក។
តួលេខស្តីពីការនាំចេញខ្សាច់ក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ ដែលបានចេញផ្សាយកាលពីខែមិថុនាកន្លងទៅនេះ បង្ហាញឲ្យឃើញថា កម្ពុជា ដែលជាប្រទេសដ៏តូចបំផុតមកពីតំបន់អាស៊ីអាគ្នេយ៍ក្នុងចំណោមប្រទេសទាំង១៥នេះ បាននាំចេញខ្សាច់ដែលមានទឹកប្រាក់សរុបចំនួន ៣៤លាន ៦សែនដុល្លារអាមេរិក បន្ទាប់ពីប្រទេសបារាំងដែលជាប់លំដាប់ថ្នាក់ទី៦ ដោយនាំចេញខ្សាច់ក្នុងទឹកប្រាក់ចំនួន ៥៤លាន ៧សែនដុល្លារ។
បើប្រៀបធៀបពីឆ្នាំ២០១៤ ការនាំខ្សាច់កម្ពុជាកើនឡើងចំនួនជាង ៤៦០០ភាគរយ ដែលស្ថិតក្នុងចំណោមប្រទេសដែលនាំចេញខ្សាច់ដ៏រហ័សបំផុត។ ក្នុងចំណោមប្រទេសទាំង១៥នេះ សហរដ្ឋអាមេរិកជាប់លំដាប់ថ្នាក់លេខ១ ដោយនាំចេញខ្សាច់ជាទឹកប្រាក់សរុប ៥៣៤លាន ១សែនដុល្លារ។
លោក ថុន រដ្ឋា សកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ ត្រូវបានវិទ្យុ VOA ដកស្រង់សំដីថា អាជីវកម្មបូមខ្សាច់នៅកម្ពុជាផ្តល់ផលប្រយោជន៍ដល់តែក្រុមអ្នកវិនិយោគទុនតែប៉ុណ្ណោះ ហើយអ្នកដែលរងផលប៉ះពាល់ពីសកម្មភាពរុករកធម្មជាតិមួយនេះ គឺប្រជាពលរដ្ឋតាមមូលដ្ឋាន។
«ទី១គឺតម្រូវការក្នុងស្រុក កំពុងតែមានការកើនឡើង ហើយយើងសោកស្តាយ ដែលនៅពេលខ្សាច់ខ្មែរត្រូវបាននាំចេញទៅក្រៅប្រទេស ហើយអ្វីដែលយើងកាន់តែសោកស្តាយទៀតនោះ គឺវាបានបំផ្លាញជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលគាត់រងគ្រោះដោយសារតែអាជីវកម្មបូមខ្សាច់»។
ខ្សាច់ គឺជាធនធានដ៏សំខាន់មួយសម្រាប់វិស័យសំណង់ ឧស្សាហកម្ម និងដំណាំកសិកម្មផ្សេងៗ ជាពិសេសខ្សាច់ល្បាយភក់។ កម្ពុជាធ្វើសកម្មភាពបូមខ្សាច់តាមតំបន់ទន្លេមេគង្គ និងតាមតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកោះកុង ដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ដូចជាទៅកាន់ប្រទេសសិង្ហបុរី តៃវ៉ាន់ និងឥណ្ឌាជាដើម។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណាលើរបាយការណ៍របស់ World’s Top Exports នេះនៅឡើយ៕