
(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើផ្ដល់ជំនួយដល់កម្ពុជា ច្រើនរាប់មិនអស់ នៅថ្ងៃស្អែកនេះ រដ្ឋាភិបាលជប៉ុន តាមរយៈឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងធ្វើការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ»។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងកិច្ចហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងធ្វើការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើជំនួយមានទឹកប្រាក់ ២ ប៊ីលាន ៧៧៧ លានយ៉េន (ស្មើនឹង ២៦,៧៨៤,៤៤៥.០០ដុល្លារ) នៅវេលាម៉ោង ៩៖៣០ នាទីព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯងភាគខាងត្បូង រាជធានីភ្នំពេញ ដែលនឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕